(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី២ គឺត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១៤.៧៨១នាក់ បានអញ្ជើញមកកម្សាន្តសប្បាយ នៅក្នុងខេត្តភូមិភាគឦសាន កម្ពុជាមួយនេះ។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះថា «នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវមកលេងកំសាន្តនៅខេត្តស្ទឹងត្រែង សរុបមានចំនួន១៤,៧៨១នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន១៤,៦២២នាក់ និងអន្តរជាតិចំនួន១៥៩នាក់ បើប្រៀបធៀបទៅ និងឆ្នាំ២០១៨ មានការកើនឡើង១៩,៣៤ភាគរយ»

លោក ខៀវ កាញារីទ្ធ បានបន្តថា ចំនួនភ្ញៀវជាតិ និងអន្តរជាតិ ដែលបាននាំគ្នាមកកម្សាន្តសប្បាយនៅក្នុងខេត្តស្ទឹងត្រែងនេះ គឺមានចំនួនកើនឡើងជាងឆ្នាំ២០១៨ រហូតដល់១៩,៣៤ភាគរយ៕