(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងរួមមួយ ស្នើប្រធានក្រុមហ៊ុនប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ចាត់ចែងទូទាត់ចំណែកនៃផលចំណូល (Revenue Share) និងបំណុលទាំងអស់ ដែលនៅជំពាក់រដ្ឋជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ជាកំហិត។

តាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាន, បានបញ្ជាក់ថា ផុតកាលកំណត់នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចាត់វិធានការតឹងរីងជាបន្ត ដូចខាងក្រោម ដោយពុំមានការលើកលែងឡើយដូចជា៖

១៖ ប្រកាសជាសាធារណៈ តាមបណ្តាញសារព័ត៌មាន ដូចជា កាសែត វិទ្យុ ទូរទស្សន៍ សារព័ត៌មាន Online -ល- ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលខកខានមិនបានអនុវត្ត តាមការកំណត់ខាងលើ ដោយដាក់ចំឈ្មោះ ក្រុមហ៊ុន, ឈ្មោះអភិបាលក្រុមហ៊ុន, ម្ចាស់ក្រុមហ៊ុន និងចំនួនទឹកប្រាក់ដែលបានជំពាក់។

២៖ ចាត់វិធានការតាមផ្លូវច្បាប់ ដូចជាបង្កកសំណើសុំការអនុញ្ញាតនានា បង្គកគណនីនៅតាមធនាគារពាណិជ្ជ, បិទហ្វេកង់ស៍, ហាមឃាត់ការនាំចេញ-នាំចូល, ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈ, ព្យួរ ឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការ អាជ្ញាប័ណ្ណហ្វេកង់ស៍វិទ្យា កិច្ចព្រមព្រៀង ឬលិខិតគតិយុត្តពាក់ព័ន្ធផ្សេងៗ សម្រាប់ធ្វើអាជីវកម្ម និងចុងក្រោយរៀបចំសំណុំរឿង ដាក់បណ្តឹងទៅតុលាការ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ ដែលមានខ្លឹមសារទាំងស្រុង៖