(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ ត្រូវនឹងថ្ងៃបុណ្យប្រពៃណី ចូលឆ្នាំខ្មែរថ្ងៃទី២ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវ ករណីអំពើឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមួយ ដោយជនល្មើសបានបាញ់ប្រហារ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះខ្លួន។

ភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨៖៥១នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចរយ៉ង ភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។

បើតាមរបាយការណ៍ លោក កុយ ចំរើន នាយប៉ុស្តិ៍ស្រែឈូក បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វមួយដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរអស់៣កំប៉ុង ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើល ទូរស័ព្ទជាមួយកូន រំពិចនោះស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំពោះចំនួន២គ្រាប់ ជនរងគ្រោះបានស្លាប់ភ្លាមនៅលើផ្ទះតែម្តង។

សូមជម្រាបថា ទីតាំងដែលមានអំពើឃាតកម្មកើតឡើងនោះ ស្ថិតនៅឃុំ ស្រែឈូក ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ដែលមានចម្ងាយពីទីរួមខេត្តទៅទីនោះ ប្រហែលជិត១០០គីឡូម៉ែត្រ ហើយនៅវេលាព្រឹកនេះ កម្លាំងសមត្ថិច្ចគ្រប់អង្គភាពរបស់ខេត្ត រួមទាំងអាជ្ញាធរស្រុកកែវសីមាជាច្រើននាក់ផងដែរ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ក្នុងការចុះស្រាវជ្រាវលើករណីឃាតកម្មខាងលើនេះ។

ប៉ុន្ដែរហូតមកដល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ពីសមត្ថកិច្ចថា ករណីឃាតកម្មនេះ ផ្តើមចេញពីរឿងអីឲ្យពិតប្រាកដនោះទេ តែពលរដ្ឋបង្ហើបប្រាប់ពីសមត្ថិច្ចនិយាយថា ជនសង្ស័យក្នុងអំពើឃាតកម្មនេះ សមត្ថកិច្ចមានតម្រុយខ្លះៗហើយ៕