(ភ្នំពេញ)៖ អាជ្ញាធរតាមបណ្ដាខណ្ឌទាំង១២ បានបន្ដប្រតិបត្តិការយ៉ាងសស្រាក់សស្រាំក្នុងការដើរប្រមូលសំរាម នៅទូទាំងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុនស៊ិនទ្រី ត្រូវបានអនុញ្ញាឲ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានកោះហៅអភិបាលខណ្ឌទាំង១២ ប្រជុំដាក់បទបញ្ជាឲ្យខណ្ឌទាំង១២ បញ្ចេញកម្លាំង និងរថយន្ដ ដើម្បីប្រមូលសំរាម។

ជាក់ស្ដែងក្រោយទទួលបញ្ជានេះ អាជ្ញាធរចាប់ផ្ដើមបញ្ចេញកម្លាំងប្រជាការពារ និងភ្នាក់ងារអនាម័យសង្កាត់ ដោយប្រើប្រាស់រថយន្ដរបស់ក្រុមហ៊ុនស៊ិនទ្រី ដើរប្រមូលសំរាមក្នុងភូមិសាស្ដ្ររបស់ខ្លួន។

សម្រាប់ខណ្ឌដូនពេញ នៅយប់ ថ្ងៃទី១៤ ខែមេសា ២០១៩នេះ ជាថ្ងៃទី២ ដែលរដ្ឋបាលខណ្ឌបញ្ចេញកម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយសារកម្លាំងកម្មករស៊ិនទ្រី ឈប់សំរាកទៅលេងស្រុកកំណើតរបស់ខ្លួនអស់មួយចំនួនធំ នៅចំនួនតិចតួចប៉ុណ្ណោះ។

ដើម្បីថែរក្សា សោភ័ណភាព អនាម័យបរិស្ថាន រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់ នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវា មិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួន ឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយលោកអភិបាល ឃួង ស្រេង បញ្ចប់កម្មវិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក នៅរមណីយដ្ឋានវត្តភ្នំ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរជាមិនខាន៕