(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ បានកោះហៅអភិបាលខណ្ឌទាំង១២ ប្រជុំដាក់បទបញ្ជាឲ្យខណ្ឌទាំង១២ បញ្ចេញកម្លាំង និងរថយន្ដ ដើម្បីប្រមូលសំរាម ខណៈដែលកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ រយៈពេល៤ថ្ងៃ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារ។

បើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងថា នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ បងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី ត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដូច្នេះ ក្នុងអំឡុងពេល ការឈប់សម្រាកនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវបានអនុវត្តមិនបានពេញលេញទេ នៅក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

ដើម្បីថែរក្សា សោភណភាព អនាម័យបរិស្ថាន រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់ នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួន ឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយលោកអភិបាល ឃួង ស្រេង បញ្ចប់កម្មវិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក នៅរមណីយដ្ឋានវត្តភ្នំ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ ឲ្យបានល្អប្រសើរជាមិនខាន៕