(ភ្នំពេញ)៖ មិនខុសពីថ្នាក់ដឹកនាំកំពូល ដែលផ្ញើសារជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ក៏បានផ្ញើសារជូនពររួមជាតិ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាមន្ដ្រីជាន់ខ្ពស់មួយរូប របស់ក្រសួងការពារជាតិ ក៏បានអំពាវនាវដល់ជនរួមជាតិ ចូលរួមថែរក្សានយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរបន្ដទៀត ដើម្បីបន្ដរក្សាសន្ដិភាព និងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

តាមរយៈ Facebook ផ្លូវការនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានរៀបរាប់យ៉ាងដូច្នេះថា « គោរពជូនពរឆ្នាំថ្មីមកដល់ ចំពោះជីវិតថ្មីដែលធ្លាប់មាន កំពុងមាន និងបន្តមាន។ ទៅមុខនេះតើត្រូវបន្ថែម ឬបន្ថយល្បឿននៃដំណើរជីវិតយ៉ាងណា? ព្រឹត្តិការណ៍ និងសភាពការណ៍បានកើតមានឡើងជាច្រើននៅក្នុងតំបន់ ក្នុងសង្គម និងចំពោះជីវិតយើងម្នាក់ៗ មិនឈប់ឈរ នេះគឺជាការវិវត្តន៍ ហើយជាដំណើរការដែលពុំមានអ្វីដែលអាចបញ្ឈប់បានសោះឡើយ។

ធម្មជាតិ និងប្រវត្តិសាស្រ្ត ព្រមទាំងជីវិត គឺជាកត្តាបីដែលត្រូវការផ្សាជាប់ដោយពុំដាច់ពីគ្នាបាន។ អ្វីដែលហ្មងសៅ ត្រូវខិតខំជម្រុះរំសាយឲ្យទៅឆ្ងាយ ហើយព្យាយាមរក្សា បង្កើត និងជំនួសមកវិញនូវអ្វីដែលមានប្រយោជន៍ និងមានសារៈសំខាន់សម្រាប់ការរស់នៅនៃជីវិត។

មានទ្រឹស្តីថ្មីៗ និងបទពិសោធន៍ថ្មីៗ ដែលបានកើតឡើង ហើយដែលអាចជាមូលដ្ឋាន ក្នុងការទទួលយកសម្រាប់ជីវិត និងដំណើរទៅមុខក្នុងឆ្នាំថ្មី និងឆ្នាំបន្តទៅទៀត ដូចជាបាវចនានៅវិមានឈ្នះ ឈ្នះ ស្តីអំពីភាពកត្តញ្ញូ ភាពសុខដុម និងការចូលរួម ក៏ដូចជាទស្សនៈវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន «ស្តីពីការរក្សាចាស់ និងបង្កើនថ្មី»។ សំណង់សំខាន់ថ្មីមួយនាបច្ចុប្បន្ន គឺស្ថាបត្យកម្មដែលបានរំលឹកពីអតីតកាល ទៅអនាគតក្នុងឆ្នាំកន្លងមកនេះ គឺការកសាង «វិមានឈ្នះ ឈ្នះ» ចាត់ទុក និងឧទ្ទិសជាចំណងដៃប្រវត្តិសាស្ត្រសម្រាប់ជាតិនាសម័យតេជោនេះផងដែរ។

ថ្មីក៏មិនប្រាកដថាល្អទាំងអស់ ឯចាស់ក៏មិនប្រាកដថាអន់ទាំងអស់នោះដែរ ដូច្នេះក្នុងដំណាក់កាលនេះ អ្វីដែលយើងបានទទួល ជីវិតដែលកំពុងតែមានភាព សុខសាន្ត ជាពិសេសនៅកម្ពុជាយើង គឺជាប្រទេសដែលមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ គឺ «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើការព្យាយាម បន្តការការពារឲ្យបានរឹងមាំ និងថិតថេរ។

សម្រាប់ប្រការនេះ គប្បីរំលឹកខ្លះអំពីអតីតកាលដែលមិននៅឆ្ងាយ បើយើងសញ្ជឹងនៅទសវត្សរ៍ឆ្នាំ៨០ និង៩០ នៅពេលចូលឆ្នាំបែបនេះម្តងៗ គឺយើងត្រូវធ្វើការប្រយុទ្ធ ក្នុងនោះគឺជាការដែលបង្កជា ឱកាសអស្ថេរភាព យកប្រៀបក្នុងសមរភូមិ ក្បួនយុទ្ធសាស្រ្ត ដែលបានដាក់ចេញ ក្នុងពេលដែល ភាគីណាមួយ មានការធ្វេសប្រហែស ឬក៏ភ្លេចខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍។ ទោះបីជាយើងដើរ ឬក៏ប្រារព្វពិធីចូលឆ្នាំ្ ក៏នៅតែទីប្រជុំជន ដែលត្រូវមានកម្លាំងការពារ ថែរក្សាគត់ម៉ត់ផងដែរ។

ឥឡូវយើងមានសន្តិភាពហៀរហូរ បរិបូរណ៌ សុខសាន្ត យើងអាចទៅទិសទីណាៗ បានគ្រប់ដោយមិនមានការបារម្ភ ឆ្ងាយជិត និងគ្រប់មធ្យោបាយទាំងអស់ ដូចដំណើរចុះព្រំដែនផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាតឹកតាងថ្មីៗ។ ប្រទេសខ្លះក៏កំពុងវឹកវរដូចជាស្ថានភាពរបស់ប្រទេសយើង នៅក្នុងទសវត្សរ៍មុនៗ ដូចជានៅស៊ូដង់ លីបី និងដោយឡែកនៅក្នុងផ្នែកបច្ចេកវិទ្យា ក៏កំពុងតែមានការប្រឈមរវាងការប្រកួតប្រជែង នៃទំនើបកម្មអំពី 5G រវាង HUAWEI ចិន និងការការដាក់ចេញថ្មីរបស់ប្រធានាធិបតីអាមេរិកកាលពីម្សិលមិញ ។

ដូច្នេះសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នានៅពេលនេះ គឺជាឱកាសមាស ពេជ្រដ៏អស្ចារ្យជាប្រវត្តិ សាស្រ្តដែលបានជួបជុំ និងសម្រេចបំណងប្រាថ្នាអ្វីតាមចិត្តចង់។
ខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មី មុខបន្តពីទេវតាឆ្នាំមុនប្រសិទ្ធិពរ និងជូនពរថ្នាក់ដឹកនាំ ពុកម៉ែ បងប្អូន កូនក្មួយ មិត្រភក្ត្រ័ ឆ្ងាយជិតទាំងអស់ កាន់តែមានក្តីសុខដុម សន្តិភាព កាន់តែមានការអភិវឌ្ឍ រីកចម្រើនតរៀងទៅ»៕