(ចិន)៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យនៅកន្លែងកែច្នៃ និងវិចខ្ចប់ កន្លែងផលិតចំណីត្រី និងមន្ទីរពិសោធន៍ របស់ក្រុមហ៊ុន Hainan XiangTai Fishery Co, Ltd.។ លោករដ្ឋមន្ត្រី ក៏បានជួបប្រជុំពិភាក្សាជាមួយលោក Liu Rong Jie ប្រធានក្រុមហ៊ុន អំពីវឌ្ឍនភាព និងគម្រោងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ការចិញ្ចឹមត្រីក្នុងបែរ ក្នុងសមុទ្រនេះ មានផលចំណេញច្រើន ជាពិសេសបង្កើនប្រាក់ចំណូល ដល់ប្រជាកសិកប្រមាណ១២,០០០ដុល្លា ក្នុង១ឆ្នាំ និងបង្កើតការងារប្រមាណ ៤០,០០០ នាក់ ដោយរួមទាំងកម្មករកែច្នៃ ចញ្ចឹម និងមន្ទីរពិសោធន៍។

លោកប្រធានក្រុមហ៊ុន បញ្ជាក់ថា នៅកម្ពុជាមានកំរិតសីតុណ្ហភាពសមស្រប អាចចិញ្ចឹមត្រីបែបនេះបានយ៉ាងល្អ ហើយក្រុមហ៊ុនកំពុងរងចាំ នៅការអនុញ្ញាតពី CDC ដើម្បីដាក់ទុនវិនិយោគ និងធ្វើឲ្យកាន់តែប្រសើរជាងនេះទៅទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី AI (Automated Intelligence) ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

លោករដ្ឋមន្ត្រី បានស្វាគមន៍នូវការវិនិយោគបែបនេះនៅកម្ពុជា និងជំរុញឲ្យក្រុមហ៊ុនសហការ ឲ្យកាន់តែជិតស្និតជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿននូវដំណើរការឲ្យបានឆាប់ ដើម្បីឆ្លើយតបនឹងតម្រូវការត្រី ក្នុងស្រុកកាន់តែកើនឡើង និងនាំចេញទៅទីផ្សារអន្តរជាតិផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដោយទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ច និងប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន China Ocean Fish Holding Limited រយៈពេលពីរថ្ងៃ នៅខេត្តហៃណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហការក្នុងការធ្វើវិនិយោគលើវារីវប្បកម្មនៅកម្ពុជា៕