(អូស្រ្តាលី)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរព.ស ២៥៦៣ និងគ.ស ២០១៩ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុខ (Schott Morrison) បានផ្ញើសារលិខិតជូនពរប្រជាជនកម្ពុជាទាំងអស់។

នាយករដ្ឋមន្ត្រីអូស្ត្រាលី ផ្ញើសារជូនពរដូចតទៅ៖ ខ្ញុំសូមផ្ញើនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់ប្រជាជនកម្ពុជាទាំងអស់ទាំងសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលី និងនៅទូទាំងសកលលោក នៅក្នុងឱកាសប្រារព្ធទិវាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ការប្រារព្ធពិធីបុណ្យដ៏សំខាន់ នៅក្រោយពេលបញ្ចប់រដូវប្រមូលផល និងការចាប់ផ្តើមនូវឆ្នាំថ្មីមួយទៀតនេះ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់ការជួបជុំតាមបែបប្រពៃណី ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងជាការត្រៀម ខ្លួនសម្រាប់អ្វីៗថ្មីនៅឆ្នាំបន្ទាប់។

ដូចគ្នានេះដែរ ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាឱកាសមួយសម្រាប់ឲ្យសហគមន៍នៅអូស្ត្រាលីជារួម ធ្វើការទទួលស្គាល់អំពីសារៈសំខាន់នៃទិវានេះ និងចូលរួមជូនពរដល់ប្រជាជនខ្មែរគ្រប់ទីកន្លែង ឲ្យទទួលបាននូវសេចក្តីសុខ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យទាំងមូល។

ក្នុងនាមជាជនជាតិអូស្ត្រាលី យើងខ្ញុំពិតជាមានសំណាងដែលបានរស់នៅលើទឹកដីមួយ ដែលជាលំនៅឋានសម្រាប់មនុស្សចម្រុះជាតិសាសន៍ ព្រមទាំងមានសេរីភាពក្នុងចែករំលែក និងសិក្សាអំពីការគោរពគ្នាទៅវិញទៅមកនៃវប្បធម៌ចម្រុះទាំងនេះ។

ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការចែករំលែករបស់យើង បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជុំវិញការកសាងវិបុលភាពរបស់យើងកន្លងមក និងជាប្រភពអចិន្ត្រៃយ៍នៃសុខុមាលភាព សង្គមជាតិរបស់យើង។

សហគមន៍ខ្មែរនៅអូស្ត្រាលី គឺជាផ្នែកដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះខាងលើនេះ ហើយខ្ញុំសូមអរគុណចំពោះអ្នក និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ចំពោះការធានាឲ្យសង្គមនៃវប្បធម៌ចំរុះជាតិសាស្ត្រ និងពហុជំនឿមួយនេះ នៅតែជាសង្គមដ៏សុខសាន្ត និងសុខដុមរមនាបំផុតមួយនៅលើពិភពលោក។

ជាមួយនឹងពាក្យក្នុងដួងចិត្តទាំងអស់នេះ ខ្ញុំសូមជូនចំពោះគ្រប់គ្នាទាំងអស់ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីដ៏អស្ចារ្យនេះ ហើយខ្ញុំសង្ឃឹមថា វានឹងនាំនូវសន្តិភាព និងសុភមង្គល ទៅកាន់មនុស្សគ្រប់ៗគ្នា៕

ពីខ្ញុំនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុខ (Schott Morrison)