(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានថ្លែងនូវការកោតសរសើរដល់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដឹកនាំបង្ក្រាបគ្រឿងញៀន នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ជូនពរឆ្នាំថ្មី ! សូមកោតសរសើរ ដល់ការដឹកនាំរបស់ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ដែលមានឯកឧត្ដម ឃួង ស្រេង ជាប្រធាន និងមានឯកឧត្ដម ស ថេត ជាសេនាធិការ ក្នុងការដឹកនាំ បង្ការ ទប់ស្កាត់ បង្ក្រាប គ្រឿងញៀនខុសច្បាប់នៅភូមិសាស្ត្រភ្នំពេញ កន្លងមក»

នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិរូបនេះ បានចាត់ទុកថា នេះជាភារកិច្ច ជាគំរូ នៃការអនុវត្តន៍អនុសាសន៍ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលមាន នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសេនាធិការ។

លើសពីនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ជោគជ័យជាគំរូនេះ នឹងបន្តធ្វើថែមទៀត ក្នុងនាមជាភារកិច្ច និងដើម្បីសុខសុវត្តិភាពសង្គម ដើម្បីសុខភាព សុខមាលភាព ប្រជាជន ពិសេសស្រទាប់ យុវវ័យរបស់យើង៕