(កណ្តាល)៖ ម៉ូតូសណ្តោយរឺម៉កមួយគ្រឿង ខូចចតនៅលើចិញ្ចើមផ្លូវជួសជុល ស្របពេលនោះយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងមកក្នុងល្បឿនលឿនមើលមិនទាន់ ជ្រុលចង្កូតទៅបុកបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួស ធ្ងន់២នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៩និង៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាក SUZUKI ពណ៌ស គ្មានស្លាកលេខបើកបរដោយឈ្មោះ ប៊ូ រ៉ាឈីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅមណ្ឌលកុមារកំព្រាខេត្តព្រៃវែង។ មានអ្នករួមដំណើរ២នាក់ រួមមាន៖

* ទី១៖ ឈ្មោះ ប៊ូ ទ្រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ
* ទី២៖ ឈ្មោះ រឿង រាត្រី ភេទបុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ(រងរបួសស្រាល) អ្នកទាំង២រស់នៅភូមិខ្សាច់ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះ បើកម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះ ស៊ុន សៅ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់នំបញ្ចុក មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រកលើកដែក ខេត្តកណ្ដាល។

នគរបាល បានបន្តថា នៅមុនពេលកើតហេតុ គេឃើញរឺម៉កមួយគ្រឿងបើកបរ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជាប់ហ្វ្រាំងលែងទៅមុខ ក៏ឈប់អែបលើចិញ្ចើមផ្លូវដើម្បីជួសជុល។ ស្របពេលនោះ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿងស្របទិសគ្នា មើលមិនទាន់ជ្រុលទៅបុកគូទរឺម៉ក បណ្តាលដួលបោកទៅនិងថ្នល់ស្លាប់ម្នាក់ភ្លាមៗ នៅនិងកន្លែង។

ចំណែកអ្នករួមដំណើរ២នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិត។ រីឯសាកសពត្រូវប្រគល់ជូន ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងយកទៅរក្សា នៅអធិការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Advertising