(កំពង់ធំ)៖ ស្របពេលដែលខេត្តកំពង់ធំ ប្រារព្ធសង្ក្រាន្តឆ្នាំថ្មី យុវជនប្រមាណ២០០នាក់ បានបង្ហាញពីស្មារតីស្រលាញ់​សន្តិភាព ស្រលាញ់ជាតិកម្ពុជា ដ៏កំសត់របស់ពួកគេ និងបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាការពារសន្តិភាពជា​មួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សកម្មភាពបោះជំរំស្ម័គ្រចិត្តសង្ក្រាន្តថ្មី សំបូរព្រៃគុក ធ្វើឡើងក្រោមប្រធានបទ «យុវជន និងអភិវឌ្ឍន៍» ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកទេសកំបង់ឈើទាល ស្ថិតនៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលពិធីបើក និងដុតភ្លើងជំរំថ្នាក់ខេត្ត ធ្វើឡើងក្រោមវត្តមាន លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី ដោយានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានអង្គភាព ជុំវិញខេត្ត និង​យុវជនស្ម័គ្រចិត្តប្រមាណ ជិត​៣០០​នាក់​។

លោក ជូ វុនធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងដំណើរការបោះជំរំនេះ យុវជនទាំងអស់ទទួលបានជំនាញភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួន ឲ្យក្លាយជាពលរដ្ឋមានការទទួលខុសត្រូវ ស្របតាមម្មវិធីចលនាប្រឡងប្រណាំងបីល្អ «កូនល្អ មិត្តល្អ សិស្សល្អ» ទទួលបានបទពិសោធន៍ ពីបច្ចេកទេសបំណិនជីវិត។

លើសពីនេះ ពួកគេក៏ទទួលបានជំនាញទន់ គ្រប់គ្រងតាមរយៈសកម្មភាពជាក្រុម និងជីវភាពរស់នៅជាក្រុម របៀបបង្កើតគំនិត ដែលមានភាពច្នៃប្រឌិត និងចេះដោះស្រាយដោយខ្លួនឯង ការបង្កើតមិត្តភាពការរក្សាភាតរភាព សាមគ្គីភាព សិល្បៈនៃការចែករំលែក និងតម្លៃសន្តិភាពក្នុងការចូលរួមអភិវឌ្ឍសង្គម ការអភិរក្ស និងការអភិវឌ្ឍមរតកវប្បធម៌ ដូចជាប្រាសាទបុរាណរាប់រយពាន់ ដែលជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ទទួលបានតម្លៃ និងទឹកចិត្តស្រឡាញ់ប្រកបដោយការកោតសរសើរ និងស្ញប់ស្ញែងចំពោះវប្បធម៌ និងអរិយធម៌តាមរយៈប្រាសាទជាច្រើន។

លោក សុខ លូ បានបញ្ជាក់ប្រាប់យុវជនថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានកំណត់វិស័យអប់រំ ជាវិស័យអាទិភាពដ៏សំខាន់ ក្នុងគោលនយោបាយ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ហើយវិស័យអប់រំបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើគ្រប់ផ្នែក ក្នុងការលើកកម្ពស់សមត្ថភាពសិស្ស និស្សិត ប្រជាពលរដ្ឋ លើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់យុវជន ដែលជាកម្លាំងសកម្មរបស់ប្រទេសជាតិ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយភាពអសកម្ម តាមរយៈគោលនយោបាយជាតិ។

លោកបានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវមានចក្ខុវិស័យវែងឆ្ងាយភាពច្បាស់លាស់ ទន់ភ្លន់ សុភារាបសា ម៉ឺងម៉ាត់ និងមានភាពទទួលខុសត្រូវ និងយកបទពិសោធន៍ទាំងអស់ ក្នុងពេលបោះជំរំយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្តផ្សព្វផ្សាយចែករំលែកដល់យុវជនដទៃទៀត ឲ្យបានទូលំទូលាយ ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់របស់សង្គមជាតិ ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍។

ចុងក្រោយលោក សុខ លូ បានជំរុញឲ្យយុវជន ចេះសាមគ្គីគ្នា ពួតដៃគ្នាធ្វើកាងារឲ្យបានល្អដើម្បីយកជ័យជំនះ ពិសេសមានស្មារតីក្នុងការស្រលាញ់សន្តិភាព ស្រលាញ់ជាតិកម្ពុជា និង​ចូលរួមថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាល៕