(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ ដឹកនាំ​លោក-លោកស្រីស្នងការរង បានអញ្ជើញចូលសួរសុខទុក្ខ និងជូនពរលលោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស២០១៩​។

ស្ថិតក្នុងឱកាសដ៏បវរនេះដែរ លោកអភិបាលខេត្ត ក៏បានស្នើឲ្យថ្នាក់ដឹកនាំ នៃស្នងការដ្ឋានគ្រប់រូប សូមបន្តការយកចិត្តទុកដាក់កម្រិតខ្ពស់ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ លើការងារព្រហ្មទណ្ឌ​ ពិសេសការងារចរាចរណ៍ និងសូមការចាប់អារម្មណ៍លើមុខសញ្ញាជនមួយចំនួន ដែលរត់គេចពីសំណាញ់ច្បាប់ និងគប្បីធ្វើយ៉ាងណាឲ្យដំណើរប្រព្រឹត្តទៅនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយ។

លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនគរបាលជាតិ នៃខេត្តកំពង់ចាមទាំងអស់ ដែលជានិច្ចជាកាល អនុវត្តការងារ គ្មានពេលសម្រាក ទោះជាពិធីបុណ្យប្រពៃណីជាតិយ៉ាងណាក៏ដោយ ក៏កងកម្លាំងយើងបែរជាទទួលភារកិច្ចដ៏មហិមាទៅវិញ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ និងមន្ត្រីក្រោមឱវាទក៏បានគោរពជូនពរ លោក​អភិបាល​ខេត្ត និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី សូមជួបប្រទះតែ​ សុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច ដើម្បីអភិវឌ្ឍខេត្កកំពង់ចាមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​​នៃ​កម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងៗ​ថែមទៀត៕