(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងបង្សុកូលប្រោះព្រំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្តីការអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំត្រុដិ និងរបាំជូនពរ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលយកនូវពរជ័យសេរីមង្គលឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារផងដែរ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ គ.ស ២០១៩ ត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩៕