(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

ក្នុងអភិសម័យដ៏នក្ខត្តឫក្សឧត្តង្គឧត្តម នៃពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងឈានចូលក្នុងវេលាដ៏ឆាប់ៗ ខាងមុខនេះ ជាបឋមទូលព្រះបង្គំជាខ្ញុំ​ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរ បវរសួស្តីសិរីវឌ្ឍនាជយាមង្គល មហាប្រសើរ សូមព្រះករុណាថ្លៃវិសេស ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលា​នុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះទីឃាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីស្ដេចទ្រង់គង់​ ប្រថាប់ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនប្រកបដោយ ក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ តរៀងទៅ។

ក្នុងវរោកាសដ៏មហាវិសេសវិសាលនេះផងដែរ ទូលព្រះបង្គំជាខ្ញុំនិងភរិយាសូមសម្តែងថ្វាយនូវ សមានចិត្តគោរពកោតស្ញប់ស្ញែងជាអតិបរមា ចំពោះព្រះរាជតម្រិះ ព្រះរាជវីរគំរូពិសេសឆ្នើម របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងបំពេញព្រះរាជបូជនិយកិច្ចប្រកបដោយ ព្រះទសពិធ
រាជធម៌ព្រះព្រហ្មវិហារធម៌ និងព្រះលំអានមនុស្សធម៌ដ៏ខ្ជាប់ខ្លួនដើម្បីចំរើនសេចក្តីសុខដល់សង្គមជាតិ សាសនា កាន់តែថ្កុំថ្កើងសុខដុមរមនាជាភិយ្យោ ភាពត្រចះត្រចង់ទេថែមទៀត។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយវាចាចិត្តសម្បងសង្រឹងដល់វត្ថុស័ក្តិសិទ្ធិ​ទាំងអស់ក្នុងលោក ពិសេសទេវតារក្សាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សាទេវី សូមអភិបាល​ជ្រោះព្រំ ព្រះពរជ័យថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម​ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវ អភិវន្ទនកិច្ច និងកតញ្ញកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕