(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្ដេចព្រះមហាក្សត្រី ​​នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន៖

ក្នុងអភិសម័យដ៏នក្ខត្តឫក្សឧត្តង្គឧត្តម នៃពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងឈានចូលក្នុងវេលាដ៏ឆាប់ៗ ខាងមុខនេះ ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះសព្ទសាធុការពរ បវរសួស្តីសិរីវឌ្ឍនាជយាមង្គល​ មហាប្រសើរ សូមសម្តេចម៉ែជាអម្ចាស់ជីវិត ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះទីឃាយុ យឺនយូរជាងរយព្រះវស្សា គង់ប្រថាប់​ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនប្រកបដោយក្តីសុខ ក្សេមក្សាន្តជានិច្ចនិរន្តរ៍ តរៀងទៅ។

ក្នុងវរោកាសដ៏មហាវិសេសវិសាលនេះផងដែរ ទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមសម្តែងថ្វាយនូវ​សមានចិត្តគោរពកោតស្ញប់ស្ញែងជាអតិបរមា ចំពោះព្រះរាជតម្រិះ ព្រះរាជវីរគំរូពិសេសឆ្នើម របស់ហ្លួងម៉ែ​ជាអម្ចាស់ ដែលជានិច្ចកាលព្រះអង្គតែងបំពេញព្រះរាជបូជនិយកិច្ចប្រកបដោយ ព្រះទសពិធរាជធម៌
ព្រះព្រហ្មវិហារធម៌ និងព្រះលំអានមនុស្សធម៌ដ៏ខ្ជាប់ខ្លួន ដើម្បីចំរើនសេចក្តីសុខដល់សង្គមជាតិ សាសនា កាន់តែថ្កុំថ្កើង សុខដុមរមនាជាភិយ្យោ ភាពត្រចះត្រចង់ទេថែមទៀត។

ជាថ្មីម្តងទៀត ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយវាចាចិត្តសម្បងសង្រឹងដល់វត្ថុស័ក្តិសិទ្ធិ​ទាំងអស់ក្នុងលោក ពិសេសទេវតារក្សាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សាទេវី សូមអភិបាល​ប្រោះព្រំព្រះពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ សូមស្ដេចទ្រង់ ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឈៀងឃ្លាតឡើយ។

សូមសម្តេចម៉ែ ជាអម្ចាស់ទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕