(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៩លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់២១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ២២គ្រឿង, រថយន្តតូច៨គ្រឿង និងរថយន្ដធំ៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៨០នាក់ របួសធ្ងន់១៥៥នាក់ និងរបួសស្រាល៥៩នាក់៕