(ភ្នំពេញ)៖ បន្ទាប់ពីពិធីសូត្រមន្ត លើករាសី និងរាប់បាត្រឧទិស្ទដល់បុព្វការី និងអតីតយុទ្ធជន ដែលបានចែកឋាន និងពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន និងសូមសេចក្តីសុខចម្រើនជូនមហាគ្រួសារកសិកម្ម រួចមក នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា ថ្នាក់ដឹកនាំគ្រប់អង្គភាព និងមន្រ្តីរាជការក្រោមឱវាទ។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្រ្តី វេង សាខុន បានផ្ញើសារជូនថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ ថ្នាក់ មន្រ្តីរាជការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន សហគមន៍ សមាគម និងប្រជាកសិករនៅទូទាំងប្រទេស នូវអំណរអរគុណជាអនេក និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមផ្តល់កិច្ចសហការយ៉ាង សកម្ម និងពេញលេញក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ សមិទ្ធផលនេះ គឺពិតជាបានឆ្លើយ តបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ «ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំង អស់ នឹងបន្តផ្តល់ការគាំទ្រ និងសហការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឲ្យមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ភ្ញៀវទេសចរ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារនាំចេញ។

ដោយឡែកសម្រាប់ក្រសួង លោក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលក្រសួង សម្រេចបាននាឆ្នាំចាស់ និងសម្រាប់ឆ្នាំថ្មី លោកសូមឲ្យថ្នាក់ ដឹកនាំ មន្រ្តីរាជការទាំងអស់ មេត្តាបន្តនូវប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហការល្អប្រសើរ ក្នុងរង្វង់មហាគ្រួសារកសិកម្ម ដើម្បីចូលរួមអនុវត្តអនុសាសន៍គន្លឹះទាំង៩ចំណុច ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងឱកាសបិទសន្និបាតបូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែមីនា កន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីតលភាវូប-នីយកម្ម។

ស្ថិតក្នុងបរិយាកាសសប្បាយរីករាយដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កំពុងទន្ទឹងរង់ចាំទទួលទេវតាឆ្នាំថ្មី និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកបាន នាំនូវសេចក្តីនឹករឭកដ៏ជ្រាលជ្រៅ និងពរជ័យបវរប្រសើរពីសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ សូមទេវតាឆ្នាំថ្មីព្រះនាម ទុង្សាទេវី ប្រោះព្រំសព្ទសាធុការពរជ័យជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលយកនូវសេចក្តីសុខចម្រើន សប្បាយរីករាយជួបជុំគ្រួសារ និងសូមទទួលយកនូវក្តីមេត្តា ករុណា មុទិតា ឧបេក្ខា បញ្ញា និងសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ៕