(ភ្នំពេញ)៖ ករណីអយុត្តិធម៌មួយបានកើតឡើង ដែលមានអំពើហិង្សាលើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ នៅខណ្ឌចំការមន រហូតបែកមុខបែកមាត់ហូរឈាមតាមច្រមុះ ឈាមចូលកែវភ្នែក និងជាំហើមមុខ ប៉ុន្តែបែរជាតំណាងអយ្យការបញ្ជាឲ្យនគរបាលដោះលែងជនសង្ស័យពីរនាក់ឲ្យមានសេរីភាពវិញ។

ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលេខ២៣ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១៖ឈ្មោះ ហួរ ប៊ុនធឿន អាយុ៥១ឆ្នាំ ជាឪពុក និងទី២៖ឈ្មោះ ហួរ ស៊ុនហួរ អាយុ ១៩ឆ្នាំ ជាកូនត្រូវបាននគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមនឃាត់ខ្លួនភ្លាមៗ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ប៉ុន្តែបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានមួយយប់ ស្រាប់តែលោកព្រះរាជអាជ្ញារង គង់ សំសារ៉េត បញ្ជាឲ្យនគរបាលដោះលែងសង្ស័យវិញ ដោយមិនបាច់បញ្ជូនជនសង្ស័យទៅតុលាការនោះទេ។ នេះបើការឲ្យដឹងពីមន្ត្រីនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន។

យោងតាមការអះអាងរបស់លោកស្រី ហួ ចាន់ថា បានឲ្យដឹងថា ករណីហិង្សានេះផ្តើមចេញពីការដែលលោកស្រី ហៅជាងមកតភ្លើងនៅហាងលក់គ្រឿងអគ្គិសនី នៅផ្ទះរបស់លោកស្រី ជាកន្លែងកើតហេតុខាងលើ។ ស្រាប់តែជនសង្ស័យឈ្មោះ ហួរ ប៊ុនធឿន បានមកសួរទាំងកំហឹងថា អ្នកណាឲ្យតភ្លើង? រួចក៏នាំគ្នាជាមួយកូនប្រុស វាយបោះបោកសម្ភារជាងភ្លើង វាយជាងភ្លើង និងវាយលោកស្រី ឲ្យរងរបួសតែម្តង។

បន្ទាប់ពីកើតហេតុលោកស្រី ហួរ ចាន់ថា បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ ហើយភ្លាមនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងពីរ យកទៅសួរនាំនៅអធិការរដ្ឋាន នគរបាលខណ្ឌចំការមន។ ប៉ុន្តែជាអកុសល ជនរងគ្រោះមិនទាន់ទាំងបាត់ហូរឈាមពីមុខរបួសផង ជនសង្ស័យអាចចេញមកបំភ័យជនរងគ្រោះបន្តទៀតទៅហើយ៕