(កំពង់ឆ្នាំង)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើ ម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញនៅផ្សារសាលាលេខ៥ ស្ថិតក្នុងឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន ។

លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារសាលាលេខ៥ខាងលើ ក្រុមការងារពិនិត្យទំនិញវេចខ្ចប់ស្រាប់ ( ស្លាតក់ )និង គ្រឿងកំប៉ុង ។ ហើយយើងបានធ្វើការដកហូត ទឹកក្រូចកូកានិងសាមូរ៉ៃសរុបចំនួន ២៧ដប ស្មើនឹង១៥, ៣ គីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់បានធ្វើកំណត់ហេតុ ដកហូតយកមករក្សារទុកនៅសាខា ។

ជាមួយគ្នានោះ ក្រុមការងារបានណែនាំ (ផ្ទាំងPoster) ដល់បងប្អូន អាជីវករឱ្យបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព និងការដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវតាមស្តង់ដា និងមានអនាម័យ។ នៅក្នុងនោះដែរ មន្រ្តីជំនាញបានស្វែងរកផលិតផលតៅហ៊ូ ពងមាន់, តៅហ៊ូមូល, តៅហ៊ូប្រអប់ ប៉ុន្តែរកមិនមានលក់នៅលើទីផ្សារទេ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករឱ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោងច្រេះស៊ីនិងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។

ទន្ទឹមនឹងនេះដែរក្រុមការងារកាំកុងត្រូលខេត្តកំពង់ឆ្នាំងក៏បានចុះតាមដាន និងពិនិត្យការលក់រាយនូវប្រេងឥន្ធនៈស្ថានីយ៍ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់ ៕