(ព្រះសីហនុ)៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ កណ្តាល 1AC-7843 បានឆក់កាបូបបុរសជនជាតិចិនម្នាក់ រួចរត់គេចខ្លួនបានប៉ុន្មានម៉ោង ក៏ត្រូវជាប់ខ្នោះរបស់កម្លាំងសមត្ថកិច្ច។ ករណីនេះបានកើតឡើងនៅចំណុចផ្លូវកែងមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ នាវេលាម៉ោង៣៖៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

បើតាមមន្ដ្រីនគរបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់៖

១៖ ឈ្មោះ ជា លីដែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ជនដៃដល់ ជិះពីក្រោយអ្នកឆក់កាបូប)។

២៖ ឈ្មោះ មិត្ត សុផាន់ណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បច្ចុប្បន្នស្នាក់នៅផ្ទះបុគ្គលិក របស់កាស៊ីណូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់អ្នកបើកម៉ូតូ)។

មន្ដ្រីដដែល បន្ដថា វត្ថុតាងចាប់យកបាន៖ * ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE6 PLUSH, * ពណ៌ទឹកមាស, * កាបូបដៃ១ ពណ៌ខ្មៅ មានលុយ១២០$ (ផលនៃអំពើលួច), * ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕