(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្ដេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាញាណភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុសចៅស្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕