(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ (BICC 2019) ក្រោមប្រធានបទ «ឱកាសទៅសិក្សា នៅក្រៅប្រទេស សម្រាប់សិស្ស-និស្សិតកម្ពុជា» បន្ទាប់ពីបានដំណើរ ការអស់ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែមេសា ឆ្នាំ២០១៩ និងដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យ ដៃគូអន្តរជាតិរបស់ប៊ែលធីចំនួន ២៤សាកលវិទ្យាល័យ មកពី ៨ប្រទេសជុំវិញពិភពលោក។

លោកបណ្ឌិត បានថ្លែងថា សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធីនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

លទ្ធផលដែលទទួលបានពីសន្និសីទនោះរួមមាន៖

១-បង្កើនកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យដៃគូទាំងអស់ នៅក្រៅប្រទេស
២-ផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីសិក្សា មុខវិជ្ជាសិក្សា អាហារូបករណ៍ ការចំណាយលើការស្នាក់នៅ និងឱកាសទទួលបានការងារ ធ្វើនៅឯក្រៅប្រទេស
៣-លើកទឹកចិត្តសិស្សនិទ្ទេស A និងសិស្ស-និស្សិតពូកែប៊ែលធី ឱ្យទទួលបានអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យដៃ គូឯក្រៅប្រទេស
៤-បង្កើនកម្មវិធីផ្លាស់ប្តូរនិស្សិត (Student Exchange Program) ពីកម្ពុជាទៅក្រៅប្រទេស និងពីក្រៅប្រទេសមកសិក្សានៅកម្ពុជា
៥-អភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យសិស្ស-និស្សិតប៊ែលធីមានសមត្ថភាពអាចផ្ទេរការសិក្សា (ផ្ទេរក្រេឌីត) ទៅសិក្សានៅសាកលវិទ្យាល័យដៃគូឯក្រៅប្រទេសបានប្រកបដោយជោគជ័យ
៦-លើកកម្ពស់វិស័យអប់រំ និងពង្រឹងគុណភាពសិក្សា តាមរយៈការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ក្នុងឱកាសប្រារព្ធពិធីបិទសន្និសីទនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យល្បីៗ ៣បន្ថែមទៀតរួមមាន៖ ១-សាកលវិទ្យាល័យ FAIRLEIGH DICKINSON University មកពីប្រទេសកាណាដា ២-សាកលវិទ្យាល័យ RAJAMANGALA UNIVERSITY TECHNOLOGY KRUNGTHEP មកពីព្រះរាជាណាចក្រថៃ និង ៣-សាកលវិទ្យាល័យ TAYLOR’S UNIVERSITY មកពីប្រទេសម៉ាឡេស៊ី។

តាមរយៈអនុស្សារណៈយោគយល់គ្នានេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យដៃគូ អន្តរជាតិ MOU ទាំងអស់ ប្តេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាអន្តរជាតិ លើវិស័យអប់រំឱ្យបានកាន់តែល្អប្រសើរ ដើម្បីផ្តល់ឱកាសថ្មីៗ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ជូនដល់សិស្ស-និស្សិតកម្ពុជាទៅទស្សនកិច្ចសិក្សា (Study Tour) និងបន្តការសិក្សានៅក្រៅប្រទេស ៕