(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បន្ថែមពីមន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះថា ថ្នាំញៀនប្រមាណ ជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។

សូមបញ្ជាក់ថា ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន ៣២នាក់។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការទៅផ្លូវច្បាប់។

សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លិបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

ក្លិបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕