(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Airways បានបើកដំណើរការជើងហោះហើរដំបូងរបស់ខ្លួនចេញ​ពីអាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៃទីក្រុងបាងកកប្រទេសថៃដោយជោគ​ជ័យ ហើយ​ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ Cambodia Airways ចាប់ផ្តើមធ្វើប្រតិបត្តិការហោះហើរទៅ-មកចំនួនមួយជើងលើផ្លូវធ្វើដំណើរ​ «ភ្នំពេញ-បាងកក» ជារៀងរាល់ថ្ងៃ តាមរយៈយន្តហោះ Airbus 319 ដែលអាចផ្ទុកអ្នកដំណើរបាន១៥០នាក់។

ដើម្បីជាការអបអរជើងហោះហើរទីមួយនេះ រួមជាមួយឱកាសបុណ្យចូលឆ្នាំខ្មែរនោះ អាកាសចរណ៍ Cambodia Airways បាន​រៀប​ចំ​ជា​កូនតុក្កតាសម្រាប់ផ្តល់ជូនជាវត្ថុអនុស្សាវរីយ​ដល់ អ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​។ លើសពីនេះទៀត ដើម្បី​ស្វាគមន៍ចំពោះការសម្ពោធជើងហោះហើរថ្មីនេះ ក្រុមមន្រ្តីនៃអាកាសយានដ្ឋានបាងកក ក៏បានត្រៀមវត្ថុអនុស្សាវរីយមួយចំនួន សម្រាប់អ្នកដំណើរ ព្រមទាំងអាកាសនិកនិងបុគ្គលិកបម្រើសេវាលើយន្តហោះរបស់អាកាស​ចរណ៍ Cambodia Airways ផងដែរ។​

លោក សាយម៉ុន ស៊ូ នាយករងផ្នែកពាណិជ្ជកម្មរបស់ Cambodia Airways បាននិយាយថា «សម្រាប់តារាងពេលវេលាធ្វើដំណើរ​នៃ​ជើង​ហោះ​ហើរ​ថ្មី «ភ្នំពេញ-បាងកក» គឺយើងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១៨៖១៥នាទី រួចទៅដល់​​អាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកកនៅម៉ោង១៩៖១០នាទី ហើយចាកចេញពីព្រលានយន្តហោះសុវណ្ណភូមិមកវិញនៅ​​ម៉ោង២០៖១០នាទី និងមកដល់អាកាសយានដ្ឋានភ្នំពេញនៅម៉ោង២១៖៣៥នាទី ដែលវាគឺមិនឆាប់ហើយក៏មិនយូរពេកដែរសម្រាប់​អតិថិជន»

គួរជម្រាបថា ក្រៅពីផ្តល់សេវាកម្មគុណភាពខ្ពស់សម្រាប់អ្នកដំណើរ Cambodia Airways ក៏ផ្តល់សេវាដឹកជញ្ជូនទំនិញដែលប្រកប​ដោយប្រសិទ្ធភាពផងដែរ។ សម្រាប់សេវាដឹកជញ្ជូន លោកអ្នកបានធ្វើការកក់តាមរយៈវែបសាយ [email protected] ហើយទន្ទឹមនឹងនេះអាកាសចរណ៍ក៏ផ្តល់នូវសេវាកម្មថ្មីសម្រាប់អ្នកដំណើរហៅថា Wingsflex Service ផងដែរ។ បច្ចុប្បន្ន ​អាកាសចរណ៍ ​Cambodia Airways មានយន្តហោះធ្វើប្រតិបត្តិការ​ចំនួន០៣គ្រឿងជាប្រភេទ Airbus 319 ដែលមានគោលដៅធ្វើ​ដំណើរទៅ-មកទាំងក្នុងនិងក្រៅស្រុក ក្នុងនោះមានដូចជាខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងម៉ាកាវ ក្រុងតៃប៉ិ និងគោលដៅមួយ​ចំនួនផ្សេងទៀត៕