(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ចូលរួមជិះឡានក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយចំណាយធ្វើដំណើរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងតាម Facebook យ៉ាងដូច្នេះថា៖ ដើម្បីកុំឱ្យចំណាយលើការធ្វើដំណើរច្រើន សូមបងប្អូនជនរួមជាតិ និងកូនក្មួយ ប្រើប្រាស់ឡានក្រុងដែលបានដាក់ឱ្យដំណើរការដឹកជញ្ជូនដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១២-១៨ មេសា ដែលមានចំនួន១២០គ្រឿង។ តៃកុងបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើកបរគោរពច្បាប់ កុំវ៉ាប្រជែង និងកុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរដើម្បីសុវត្ថិភាពទាំងអស់គ្នា»។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ចំនួនរថយន្តដែលត្រូវរត់តាមផ្លូវជាតិរួមមាន៖ ផ្លូវជាតិលេខ១មាន ភ្នំពេញ-ខេត្តកណ្តាល-ស្វាយរៀង ចំនួន ៥គ្រឿង និងភ្នំពេញ-កណ្តាល-ព្រៃវែង ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ២ ភ្នំពេញ-តាកែវ ៥គ្រឿង, ផ្លូវជាតិលេខ៣ ភ្នំពេញ-កែប ៥គ្រឿង, ភ្នំពេញ-កំពត ៥គ្រឿងសរុប ១០គ្រឿង, ផ្លូវជាតិលេខ៤ ភ្នំពេញ -កំពង់ស្ពឺ ៣គ្រឿង, ភ្នំពេញ-ក្រុងព្រះសីហនុ ៧គ្រឿង សរុប១៣គ្រឿង, ផ្លូវជាតិលេខ៥ ភ្នំពេញ-កំពង់ឆ្នាំង ៥គ្រឿង ភ្នំពេញ-ពោធិសាត់ ១០គ្រឿង ភ្នំពេញ-បាត់ដំបង ១៥គ្រឿង ភ្នំពេញ-បន្ទាយមានជ័យ ១៥គ្រឿង សរុប៤៥គ្រឿង, ផ្លូវជាតិលេខ៦ ភ្នំពេញ-កំពង់ធំ ៥គ្រឿង, ភ្នំពេញសៀមរាប ១៥គ្រឿង សរុប២០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៧ ភ្នំពេញ-កំពង់ចាម ៥គ្រឿង ភ្នំពេញ-ត្បូងឃ្មុំ ៥គ្រឿង សរុប១០គ្រឿង, ផ្លូវជាតិលេខ៦ និងលេខ៨ ភ្នំពេញ-ក្រចេះ ៥គ្រឿង ភ្នំពេញ-ស្ទឹងត្រែង ៥គ្រឿង សរុប១០គ្រឿង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕