(ពោធិ៍សាត់)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ មានរៀបចំពិធីសំណេះសំណាល និងសាកសួរសុខទុក្ខយុទ្ធជនជានាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជននៃបញ្ជាការរថក្រោះ និងអង្គភាពវរសេនាតូចថ្មើរជើងការពារព្រំដែន កម្ពុជា-ថៃ លេខ៥០១ ដែលមានភូមិសាស្រ្តស្ថិតនៅឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកទាំង២ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីចែកជូនដល់បងប្អូនយុទ្ធជនជានាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន។

ជាមួយគ្នានេះ ពិធីសំណេះសំណាលនេះ គឺជាការសួរសុខទុក្ខឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីឆ្លៀតឱកាសអបអរសាទរ និងជូនពរដល់បងប្អូនយុទ្ធជន ក្នុងឱកាសពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ លោក គង់ វិបុល ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ការទុកចិត្ត និងបានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានពន្ធដារ ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងកងទ័ព កងពលរថក្រោះ ដែលឈរជើងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការងារការពារអធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្ដិភាពជូនប្រជាជនកម្ពុជា។

លោកអគ្គនាយក បានគូសបញ្ជាក់ថា ខណៈបងប្អូនជាយុទ្ធជនយើងកំពុងបម្រើការនៅសមរភូមិមុខ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងបំពេញតួនាទីរបស់ខ្លួន ជាអង្គភាពប្រមូលចំណូល នៅសមរភូមិខាងក្រោយ ដើម្បីខិតខំប្រមូលចំណូលជូនជាតិ តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្មឥតឈប់ឈរ ដើម្បីបម្រើដល់តម្រូវការរបស់ប្រទេសជាតិយើង ក្នុងនោះរួមមានថវិកាដែលបើកជូនដល់បងប្អូនជាកងទ័ពផងដែរ តាមរយៈក្រសួងការពារជាតិ ដែលលទ្ធភាពនេះក្នុងការប្រមូលចំណូលពន្ធ អាចធ្វើទៅបានដោយសារប្រទេសជាតិយើងមានសុខសន្ដិភាព ស្ថិរភាព និងការរីកចម្រើន។

លោកបានរំលឹកដល់បងប្អូនយុទ្ធជន សូមរក្សាឱ្យបាននូវគោលជំហរ និងស្មារតីស្នេហាជាតិឱ្យនឹងនរ និងការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងបន្តរអភិវឌ្ឍប្រទេសជាតិជាហូរហែរ ក៏ដូចជាមានការគិតគូរដល់បងប្អូនជាយុទ្ធជនតាមរយៈការដំឡើងនូវប្រាក់បៀវត្សជាបន្តបន្ទាប់។ ជាក់ស្ដែង ដូចការដែលបានសន្យារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុតបានកើនឡើងដល់ប្រមាណជាង ១លានរៀល ខណៈដែលបៀវត្សនេះមិនស្ថិតក្នុងពិដានជាប់ពន្ធលើប្រាក់បៀវត្សផងដែរ ក្នុងគោលដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាយុទ្ធជនឱ្យកាន់តែមានជីវភាពធូរធា ក៏ដូចជាសបង្ហាញអំពីលទ្ធភាពក្នុងការធ្វើឱ្យបានពិតប្រាកដតាមការសន្យា និងមិនមែនជាសន្យាខ្យល់នោះទេ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងបងប្អូនយុទ្ធជនទាំងអស់ដែលជានាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន នៃបញ្ជាការរថក្រោះ និងអង្គភាពវរសេនាតូចថ្មើរជើងការពារព្រំដែន កម្ពុជា-ថៃ លេខ៥០១ ដែលកំពុងបំពេញការងារយ៉ាងសកម្ម ក្នុងបុព្វហេតុការពារជាតិ តាមរយៈឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ដោយបានផ្តល់ជូនអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ដើម្បីជួយឧបត្ថម្ភនិងចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងនិវត្តជន នៃបញ្ជាការរថក្រោះ និងអង្គភាពវរសេនាធំការពារព្រំដែនគោកលេខ ៥០១៕