(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះរាជសព្ទសាធុការពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្ដម មុនិនាថ សីហនុ នៃព្រះរាជា ណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសារលិខិតនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លាប្រកបដោយមហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស  ២៥៦៣ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមវន្ទាក្រាបបង្គំថ្វាយ ព្រះសព្ទសាធុការពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរចាកផុតពីព្រះរោគាព្យាធិ ព្រះបញ្ញាញាណ ភ្លឺថ្លាព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ ជាព្រះម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រ ជារៀងដរាបតទៅ។

ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជា នុញ្ញាតសម្តែងថ្វាយនូវព្រះកតញ្ញុកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានៃព្រះរាជា ណាចក្រកម្ពុជា ដែលជានិច្ចកាល ព្រះរាជូបត្ថម្ភគាំទ្រ ជាព្រះរាជទ្រព្យប្រចាំត្រីមាសរៀងរាល់ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា និងក្នុងឱកាស ផ្សេងៗទៀត ដល់កាកបាទក្រហមកម្ពុជា ដែលជាចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជារាស្រ្ត ក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏សិរីសួស្តីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំម្ចាស់ ទូលព្រះបង្គំជាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុង លោកព្រះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាមទុង្សាទេវី សូមប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យមហាប្រសើរគ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយ ព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»

សូមក្រាបបង្គំទូលថ្វាយនូវខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៖