(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅក្រសួងសាធារណការ និងដឹកជញ្ជូន ១១រូបបន្ថែមទៀត។

យោងតាមព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា រដ្ឋលេខាទើបតែងតាំងថ្មីមានចំនួន៩រូបរួមមាន៖ លោក សេង ឈួន, លោក យិត បុណ្ណា, លោក ស៊ុយ សាន, លោក បុង ប៊ុនហួន, លោក ឈួន វិន, លោក ឡេង ធនយុទ្ធា, លោកស្រី កុយ សុដានី, លោកស្រី ម៉ម រមនា និងលោកស្រី ឥម នីថារ៉ា។ ដោយឡែកអនុរដ្ឋលេខាទើបតែងតាំងថ្មីមានចំនួនពីររូបរួមមាន៖ លោកស្រី តុង ផល្លី និងលោក ប៊ុន សុផាត។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា បូករួមជាមួយសមាសភាពទើបតែងតាំងថ្មី ក្រសួងមានរដ្ឋលេខាធិការសរុប ២៤រូប និងអនុរដ្ឋលេខាធិការ ២៣រូបផ្សេងទៀត។

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ ការតែងតាំងថ្នាក់ដឹកនាំនៅក្នុងក្រសួងកាន់តែច្រើននេះ ដើម្បីជួយគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូនជាប្រយោជន៍ជូនជាតិ និងប្រជាជន៕