(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានបានប្រឹងប្រែងបំពេញការងារបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាជូនមន្ត្រីរាជការក្នុងម្នាក់ៗ ៥ម៉ឺនរៀល ដោយរាប់ចាប់ពីមន្ត្រីថ្នាក់ភូមិឡើងទៅ សូម្បីតែមន្ត្រីជាប់កិច្ចសន្យារ និងបុគ្គលិកបណ្ដែតក៏ទទួលបានប្រាក់ឧបត្ថម្ភនេះផងដែរ។

ថវិកា ៥ម៉ឺនរៀលនេះ បានញ៉ាំងឱ្យមន្ត្រីរាជការរីករាយសប្បាយចិត្ត ដ្បិតជាទឹកប្រាក់កើតចេញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងជួយបំពេញតម្រូវការរបស់ពួកគេផង។ ទន្ទឹមនឹងរីករាយមន្ត្រីរាជការ ក៏បានសម្តែងនូវការគោរពស្រលាញ់ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

លោក គី មុត ជាមន្ត្រីសន្តិសុខខណ្ឌ៧មករា ប្រចាំការនៅសួនច្បារមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ និយាយដោយមិនលាក់លៀមលោក គី មុត បានបង្ហាញថា លោកមានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន ហើយនេះមិនមែនជាឆ្នាំដំបូងដែលលោកក៏ដូចជាមន្រ្តីសន្តិសុខផ្សេងទៀតទទួលបាននោះឡើយ។

លោក គី មុត បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសប្បាយចិត្តណាស់ព្រោះសម្ដេចបានជួយឧបត្ថម្ភម្នាក់ ៥ម៉ឺនរៀលទៀត បានជួយចំណែកមួយពីប្រាក់ខែរបស់ពួកខ្ញុំ បានចូលឆ្នាំបានទៅស្រុក(សើច)។ ប្រាក់ឧបត្ថម្ភនេះ បានមកយកផ្ញើទៅឲ្យគ្រួសារនៅស្រុកជាមួយប្រាក់ខែ ហើយបានទុកខ្លួនឯងខ្លះ សម្រាប់ធ្វើការងារនៅភ្នំពេញពេលចូលឆ្នាំ»។

ប្រាក់៥ម៉ឺនរៀល បើសម្រាប់អ្នកមានជីវភាពធូរធារអាចថា ជាចំនួនមួយតិចតួច តែសម្រាប់មន្ត្រីសន្តិសុខខាងលើឃើញថា ពិតជាមានតម្លៃខ្លាំង ព្រោះបានជួយសម្រាលការចំណាយផ្សេងៗនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ មិនខុសពីមន្ត្រីសន្តិសុខ មន្ត្រីយោធាក៏រីករាយផងដែរ ចំពោះទឹកប្រាក់ឧបត្ថម្ភនេះ។

លោក ទូច សុវណ្ណារិទ្ធ ជំនួយការសណ្ដាប់ធ្នាប់ក្រសួងការពាជាតិបានរៀបរាប់ថា «មានអារម្មណ៍រំភើបសប្បាយរីករាយណាស់ដែលសម្ដេច បានឧបត្ថម្ភដល់កូនចៅជារៀងរាល់ឆ្នាំ។ លុយនេះខ្ញុំយកទៅវត្តទៅវ៉ា ដើម្បីធ្វើបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើង។ ទន្ទឹមនេះដែរខ្ញុំសូមអរគុណដល់សម្ដេចទាំងទ្វេ សូមឲ្យសម្ដេចមានសុខភាពល្អ មានព្រះជនយឺនយូរ និងបន្តដឹកនាំកូនចៅជារៀងរហូតទៅ»

ឆ្លៀតពេលសម្រាកពីការបង្រៀនសិស្សបន្តិច លោកគ្រូ យិន អៀង ជាគ្រូគណិតវិទ្យានៅវិទ្យាល័យបាក់ទូក បានឲ្យដឹងថា ក្រៅពីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីប្រមុខរាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាលក៏បានបើកប្រាក់ខែពេញ សម្រាប់ឲ្យលោកគ្រូអ្នកគ្រូ ក៏ដូចជាមន្ត្រីរាជការផ្សេងទៀត បានយកទៅប្រើប្រាស់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាការជួយសម្រួលបន្ទុកក្នុងការចំណាយផ្សេងៗ។

លោកគ្រូ យិន អៀង បានឲ្យដឹងដូចនេះថា «វាអាចជួយសម្រួលខ្លះដែរ ដល់ការចំណាយរបស់យើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ។ ហើយឆ្នាំនេះសម្រាប់ខែ៤នេះសម្ដេចបើកប្រាក់ខែឲ្យពេញ ក៏ដូចជាការជួយសម្រួលដល់មន្រ្តីរាជការផងដែរបាទ។ ក្នុងឱកាសចូលឆ្នាំថ្មីនេះសូមជូនពរសម្ដេច និងក្រុមគ្រួសារសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពរទាំង៤ប្រការគឺ អាយុ វណ្ណៈ និង សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។

អ្នកគ្រូ ឈុន សុភាព បញ្ជាក់យ៉ាងដូច្នេះថា៖ «ចា៎សប្បាយចិត្តខ្លាំងណាស់ដោយសារបានជួយឧបត្ថម្ភប្រាក់៥ម៉ឺនរៀលក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរគឺជួយសម្រួលបានច្រើន បានលុយថែមបានចំណូលច្រើន ព្រោះខែ៤ ជាពេលត្រូវការលុយច្រើន។ ដូច្នេះសូមអរគុណដលសម្ដេចច្រើន ព្រោះមានតម្លៃខ្លាំងណាស់ហើយអរមែនទែន។ សូមជូនពរឲ្យសម្ដេច និងក្រុមគ្រួសារជួបតែសេចក្ដីសុខគ្រប់ប្រការ»

ចំណែកឯមន្រ្តីនគរបាលចរារណ៍លោកវរសេនីយ៍ត្រី មាស ស៊ីណា បានឲ្យដឹងថា៖ ប្រាក់៥ម៉ឺន គឺច្រើនសម្រាប់យកទៅឲ្យគ្រួសារទិញអីសែនពេលចូលឆ្នាំថ្មី។ ខ្ញុំសូមអងរគុណសម្ដេចដែលតែងតែយកចិត្តទុកដាក់ ដល់មន្រ្តីថ្នាក់ក្រោម ហើយសូមជូនពរសម្ដេចឲ្យមានសុខភាពល្អ។ ខ្ញុំក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងជូនពរឲ្យការធ្វើដំណើរជួបតែសុខសប្បាយគ្រប់ៗគ្នា»។

ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ មន្រ្តីរាជការទាំងអស់ រាប់តាំងពីមន្រ្តីភូមិ មន្រ្តីកិច្ចសន្យា និងមន្ត្រីបណ្ដែតទាំងអស់សុទ្ធសឹងតែត្រូវទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ នេះមិនមែនជាលើទី១ឡើយ ដែលប្រមុខរាជរដ្ឋាភិបាលបានឧបត្ថម្ភប្រាក់ជូនដល់មន្ត្រីរាជការ ពោលគឺចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលតែងតែឧបត្ថម្ភប្រាក់ជូនដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕