(ព្រះសីហនុ)៖ មន្ត្រីជាន់ខ្ពស់នគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយអប់រំ ដល់ម្ចាស់រថយន្តដឹកអ្នកដំណើរ នៅតាមបេនឡានមួយចំនួន នាខេត្តព្រះសីហនុ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា និងមិនត្រូវដំឡើងថ្លៃរថយន្តឈ្នួល នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះទេ។

លោក អុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមេសានេះ បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ និងនគរបាលសណ្តាប់ធ្នាប់ ចុះផ្សព្វផ្សាយអប់រំ ដល់អ្នកបើកបររថយន្តតូចធំ នាទីប្រជុំជនក្រុងព្រះសីហនុ និងតាមផ្លូវជាតិលេខ៤ ឲ្យបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមាននាពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ ដើម្បីរួមគ្នាទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណណ៍នៅតាមដងផ្លូវ។

លោកស្នងការរងបន្តថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ នៅតាមផ្លូវជាតិលេខ៤ និងផ្លូវនានាក្នុងក្រុងព្រះសីហនុ ទំនងជាការធ្វើចរាចរណ៍រថយន្តតូច ធំគ្រប់ប្រភេទ អាចនឹងកើនច្រើន ដោយសារតែជាពេលវេលា ដែលប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ~អន្តរជាតិ ធ្វើដំណើរចូលមកកម្សាន្ត និងទស្សនា «សង្ក្រាន្តសមុទ្រ» នាខេត្តព្រះសីហនុ មានចំនួនច្រើនកុះករ។ ហេតុដូច្នេះ លោកថា ចាំបាច់ណាស់ តម្រូវឲ្យអ្នកបើកបរគ្រប់ៗរូប ត្រូវប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ។

លោក អ៉ី សុខា បញ្ជាក់ថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មី ចូលមកដល់ គឺកម្លាំងនគរបាល របស់លោក បានចុះណែនាំដល់ ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ មិនឲ្យដំឡើងថ្លៃរថយន្តឈ្នួលដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរនោះទេ។ ជាងនេះទៀត មិនត្រូវផ្ទុកឲ្យលើសចំណុះ ឬដឹកសំពីងសំពោង នៅលើរថយន្ត របស់ខ្លួននោះទេ ដើម្បីឲ្យការបើកបរ ដឹកអ្នកដំណើរទៅលេងស្រុកកំណើតជួបជុំពុកម៉ែយាយតាញាតិសណ្តាន ឬជួបជុំក្រុមគ្រួសារ របស់ប្រជាពលរដ្ឋ មានសេចក្តីសុខ និងទទួលបានភាពរីករាយ នៅតាមក្រុមគ្រួសារនីមួយៗ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ៕