(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Ax នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក Thomas Hundt បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ច របស់ក្រុមហ៊ុន Smart Axiata ដែលបានវិនិយោគប្រមាណ ជាង១.៤ពាន់លាន ដុល្លារអាមេរិក ពីឆ្នាំ២០០៨ ដល់២០១៨ ហើយដែលបានផ្តល់ ការតភ្ជាប់ឌីជីថលរហូតដល់ ៩៨.៧%, មានអ្នកប្រើប្រាស់ដល់ ៧.៥ លាននាក់, គ្របដណ្តប់២៥ខេត្តក្រុង, និងផ្តល់ការងារជាង១,០០០នាក់។

លោក Thomas Hundt បានបញ្ជក់ផងដែរថា ក្រុមហ៊ុន Smart Axiata នឹងបន្តវិនិយោគបន្ថែម មិនត្រឹមតែក្នុងវិស័យទូរគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងពង្រីកសកម្មភាពធុរកិច្ចផ្សេងទៀត ក្នុងវិស័យឌីជីថល ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់អាទិភាពផងដែរ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងបន្តគាំទ្រដល់ការបង្កើតបរិស្ថាន សម្រាប់ការរីកលូតលាស់វិស័យឌីជីថល។ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងបានលើកទឹកចិត្ត ឲ្យក្រុមហ៊ុន Smart Axiata បន្តវិនិយោគ និងផ្តល់ការគាំទ្របន្ថែម ដល់ការបង្កើតធុរកិច្ចថ្មីៗ ផ្អែកលើបច្ចេកវិទ្យា (ឬ Tech-Startup)៕