(ភ្នំពេញ)៖ ក្រុមហ៊ុន SIAM KUBOTA Leasing Co., Ltd កំពុងបោះជំហានចូលក្នុងទីផ្សារ បង់រំលស់គ្រឿងចក្រកសិកម្ម នៅក្នុងប្រទេសកម្ពុជា ដោយបានដាក់ឲ្យដំណើរការ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយដើមទុនរហូតដល់ ទៅ១៨លានដុល្លារអាមេរិក។

ដើម្បីកំណត់ខ្លួនឯងឲ្យខុស ពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀត ក្រុមហ៊ុនថ្មីមួយនេះ ផ្តល់ជូននូវអត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញ មានច្រើនប្រភេទ និងការអនុម័តការបង់រំលស់ យ៉ាងឆាប់រហ័ស ដោយគ្មានបង្កប់ កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗណាមួយឡើយ។

ជាមួយនឹងការយល់ច្បាស់ ពីតម្រូវការដ៏ចាំបាច់របស់កសិករកម្ពុជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មានគោលបំណងចង់ក្លាយខ្លួនជា ក្រុមហ៊ុនដែលនាំមុខគេ ក្នុងវិស័យបង់រំលស់គ្រឿងចក្រ កសិកម្មនៅកម្ពុជា។

លោក Piyachart Srimarut ប្រធានក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. បានឲ្យដឹងថា ការឆ្លើយតបរបស់កសិករកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅមានលក្ខណៈវិជ្ជមាន ល្អប្រសើរគួរជាទីមោទនៈ ចំពោះការដាក់ឲ្យដំណើរការ គ្រឿងចក្រកសិកម្មទំនើបរបស់ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd.,។

ក្រុមហ៊ុន KUBOTA បានចាប់ផ្តើមសិក្សាលទ្ធភាព ក្នុងការបង្កើតក្រុមហ៊ុនបង់រំលស់នៅកម្ពុជា ដើម្បីធ្វើប្រតិបត្តិការរួមគ្នា ដោយយកគំរូតាមភាពជោគជ័យរបស់ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែលបានជំរុញយ៉ាងខ្លាំង ដល់ការលក់គ្រឿងចក្រកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត នៅក្នុងប្រទេសថៃ។

នៅឆ្នាំនេះ ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd. បានបើកដំណើរការជាផ្លូវការនូវក្រុមហ៊ុន Kobuta Leasing (Cambodia) Plc. ជាមួយដើមទុនចំនួន ១៨ លានដុល្លារអាមេរិក ដើម្បីផ្តល់សេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ KUBOTA ។

ក្រុមហ៊ុនថ្មីមួយនេះ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយបានចាប់ផ្តើម ប្រតិបត្តិការកាលពីថ្ងទី៨ ខែសីហា ឆ្នាំ២០១៨ ។ ក្រុមហ៊ុនមួយនេះ ជាកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុន SIAM KUBOTA Corporation Co., Ltd., ជាមួយនឹងការវិនិយោគបន្ថែមទៀតដើម្បីតាមអោយទាន់កំណើននៃការលក់ផលិតផល KUBOTA នៅក្នុងប្រទេសកម្ពុជា៕