(កណ្តាល)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង បានផ្តាំផ្ញើរដល់កងកម្លាំងសមត្ថមកិច្ច-ប្រជាការពារ និងមន្ត្រីអាជ្ញាធរដែនដី បន្តអនុវត្តបំពេញតួនាទី-ភារកិច្ចដ៏ល្អរបស់ខ្លួន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ជាតិ ហើយប្រឆាំងដាច់ខាតនូវបដិវត្តពណ៌ និងបន្តអនុវត្តឱ្យម៉ឺងម៉ាត់ នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន។

ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្លាំងមានសមត្ថកិច្ច និងប្រជាការពារទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណ ១៤៧៨នាក់ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងនិងប្រជាការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដ៏មានសារសំខាន់ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានថ្លែងថា តម្លៃសុខសន្តិភាពដែលមាននៅកម្ពុជាបច្ចុប្បន្ននេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន គឺបានកើតឡើងដោយសារថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ និងដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធ ដែលមាន ខ.ភ.ម កងរាជអាវុធហត្ថ កងនគរបាលជាតិ និងប្រជាការពារ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ជាតិ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ គឺជាកម្លាំងស្នូល និងជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងការចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងថែរក្សាសុខសន្តិភាពនៅកម្ពុជាផងដែរ។ កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធ ដែលមាន ខភម កងរាជអាវុធហត្ថ កងនគរបាលជាតិ និងប្រជាការពារ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ជាតិ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដល់សាលាស្រុក មានស្រាបៀរ២០កេស, ទឹកសុទ្ធ២០កេស, ទឹកក្រូច១០កេស និងថវិកា២លានរៀល។ ដល់ប្រជាការពារ មានស្រាបៀរ ១៨០កេស, ទឹកសុទ្ធ១៨០កេស, ទឹកក្រូច៥០កេស អាយកូម៣០គ្រឿង និងថវិកា១៨លានរៀល។ ដល់នគរបាល មានស្រាបៀរ៥០កេស, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច ២០កេស អាយកូម៣០គ្រឿង និងថវិកា៤លានរៀល។ ដល់កងរាជអាវុធហត្ថ មានស្រាបៀរ៣០កេស, ទឹកសុទ្ធ៣០កេស, ទឹកក្រូច២០កេស, អាយកូម៣០គ្រឿង និងថវិកា៤លានរៀល។

ផ្នែកសឹករងមានស្រាបៀរ២០កេស, ទឹកសុទ្ធ២០កេស, ទឹកក្រូច១០កេស ថវិកា១លាន ៥សែនរៀល និងអាយកូម៥គ្រឿង ឧបត្ថម្ភដល់១៨ឃុំ ក្នុង១ឃុំៗ ថវិកា៤០ម៉ឺនរៀល, ផ្តល់ដល់ក្រុមប្រឹក្សាឃុំ និងកម្លាំងមានសមត្ថកិច្ច ប្រជាការពារ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល៕