(កោះកុង)៖ ដើម្បីពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោក និងឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ មន្ទីរទេសរណ៍ខេត្តកោះកុង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានបើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវថ្នល់ ក្រោយប្រធានបទ​ «សុខសុវត្ថិភាពចរាចរណ៍ល្អ នាំមកនូវកំណើនទេសចរណ៍ និងសេដ្ឋកិច្ច»

កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត ក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត, លោក ឈុន សំឃីត ប្រធានស្តីទីមន្ទីរទេសចរណ៍, លោក កៅ ប៊ុនគីម ស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក មន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

លោក ឈុន សំឃីត បានលើកឡើងថា ដោយមើលឃើញអំពីស្ថានភាព គ្រោះថ្នាក់ចរាចរណ៍នៅដងផ្លូវចេះតែបន្តកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះមន្ទីរទាមទារឲ្យមានការចូលរួមយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តក៏ដូចជាការគោរពច្បាប់ចរាចរណ៍ និងចេះការយល់យោគ អាធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីធនាឲ្យបាននូវសុខសុវត្ថិភាពល្អ និងអាចកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ជំរុញកំណើនទេចរណ៍និងសេដ្ឋកិច្ច ក្នុងខេត្តក៏ដូចប្រទេសទាំងមូល។

លោកបានបញ្ជាក់ថា៖ «ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ និងសិស្សានុសិស្ស ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីអាយុជីវិតខ្លួនឯងនិងអ្នកដ៍ទៃ ហេតុនេះសូមពាក់មួកសុវត្ថិភាពទាំងអស់គ្នា ហើយយើងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ឲ្យមានសោភ័ណ្ឌភាពដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកកំសាន្តឲ្យបានកាន់ច្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត»

លោកស្រី ឈុន រ៉ាវុធ បានថ្លែងអំណរគុណដល់មន្ទីរទេសចរណខេត្ត ដែលបានយកចិត្តទុកដាក់រៀបឲ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ។ លោកស្រីបញ្ជាក់ដែរថា ខេត្តកោះកុងត្រៀមរៀបចំព្រឹត្តការណ៍សង្រ្កាន្តកោះកុង ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំ នឹងប្រព្រឹត្តនៅថ្ងៃទី១៤-១៦ ខែមេសា ខាងមុខនេះ៕