(បាត់ដំបង)៖ កុមារកម្ពុជាចំនួន២៥នាក់ បានត្រឡប់ពីការវះកាត់ និងព្យាបាលជំងឺបេះដូងពីកំណើតដោយជោគជ័យ នៅមន្ទីរពេទ្យបេះដូង ខេត្តយូណាន ប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក LUO ZHI ប្រធានអង្គការមជ្ឈមណ្ឌលស្រាវជ្រាវឥរិយាបថ និងសុខភាពសិក្សាក្រុងឃុនមីង ខេត្តយូណាន ប្រទេសចិនខណៈលោក បានចុះសួរសុខទុក្ខ កុមារទាំងអស់ចំនួន២៥នាក់ ដែលកំពុងរស់នៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមេ សា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោក LUO ZHI បានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា គោលបំណងសំខាន់ចំនួន៤ ដែលលោកអញ្ជើញមកខេត្តបាត់ដំបង នាពេលនេះ គឺទី១ ពិនិត្យនិងតាមដានសុខភាពរបស់កុមារដែលត្រឡប់ពីការវះកាត់និងព្យាបាលជំងឺបេះដូងពីមន្ទីរពេទ្យបេះដូង ខេត្តយូណាន, ទី២ ចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ទាំងថ្នាក់ឃុំ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់កុមារទាំងនោះ ព្រមទាំងលើកទឹកចិត្តដល់កុមារដែលទើបទទួលបានការវះកាត់ឱ្យទទួលបាននូវឱកាសដ៏ប្រសើរក្នុងការសិក្សាតាមរយៈការផ្តល់អាហារូបករណ៍និងសម្ភារៈសិក្សា, ទី៣ លើកទឹកចិត្ត និងផ្តល់ការគាំទ្រនានាដល់កុមារចំនួន៣រូបទៀតដែលគ្រោងនឹងទៅពិនិត្យនិងវះកាត់ជំងឺបេះដូងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ខាងមុខ និងទី៤ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទាំងនូវចំណងទាក់ទងជាមេត្រីភាពរវាងកម្ពុជានិងចិន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានោះ លោក លៀង វាសនា អភិបាលរងក្រុងបាត់ដំបង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាត់ដំបង បានសាទរនឹងកម្មវិធីនាថ្ងៃនេះ ដោយលោកបានបញ្ជាក់ ដោយក្តីមោទនភាពថា ចាប់ពីចុងឆ្នាំ២០១៧មក ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងបាត់ដំបង មន្ទីរសុខាភិបាលខេត្តបាត់ដំបង មន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង លោក LUO ZHI រួមនឹងក្រុមការងារក្រុមគ្រូពេទ្យស្មគ្រចិត្ត របស់មន្ទីរពេទ្យបេះដូង ខេត្តយូណាន បានចុះមកពិនិត្យសុខភាពជូនដល់កុមារនៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានាក្នុងខេត្តបាត់ដំបងផងដែរ។

លោក លៀង វាសនា បន្ថែមថា ជាលទ្ធផលរកឃើញថា កុមារចំនួន២៦នាក់ ត្រូវបានរកឃើញថា មានជំងឺបេះដូង ក្នុងនោះកុមារ ចំនួន២៣នាក់ បានត្រឡប់មកវិញ ក្រោយពេលដែលបានបញ្ជូនទៅទទួលការព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូងខេត្តយូណាន។ ដោយឡែក កុមារចំនួន២រូបទៀតគ្រោងនឹងទៅ មន្ទីរពេទ្យបេះដូងខេត្តយូណាននាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕