(ប៉ៃលិន)៖ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ក្រោមកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច និងកងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីជួយដូរផ្លូវភេទមួយកន្លែង នៅក្នុងភូមិផ្សារព្រុំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងនោះឃាត់ខ្លួនបានជនជាតិវៀតណាម៩នាក់ និងខ្មែរម្នាក់ ក្នុងនោះសមត្ថកិច្ចបានរកឃើញកុមារីដែលជាអនីតិជនម្នាក់ផងដែរ។

លោកតូច សុភក្តី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ ដកហូរបានស្រោមអនាម័យ ប្រើប្រាស់រួចមួយចំនួន។ លោកបានបន្តថា ក្នុងចំណោម មនុស្ស១០នាក់ ដែលត្រូវឃាត់ខ្លួន មានថៅកែជនជាតិវៀតណាម២នាក់ អ្នកមើលការខុសត្រូវ២នាក់ អ្នកបម្រើសេវាផ្លូវភេទ៦នាក់ (ម្នាក់ជាអនីតជនមិនគ្រប់អាយុ) ហើយសម្រាប់កុមារីដែលមិនទាន់គ្រប់អាយុ គឺថៅកែបម្រុងនាងទៅលក់ក្រមុំ នៅឯខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសុំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងចាត់ការ តាមនីតិវិធីច្បាប់៕