(ភ្នំពេញ)៖ ផ្សារមូលត្រកម្ពុជាបានបន្ដខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង លើផ្នែកនៃការបើកអាជីវកម្មបន្ថែមទៀតហើយ ដល់សាធារណជនៈកម្ពុជា ដើម្បីចូលរួមស្វែងយល់ពីការបើកអាជីវកម្ម ប្រកបដោយភាពជោគជ័យ។

ជាក់ស្ដែងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ផ្សារមូលត្រកម្ពុជាបានរៀបចំសិក្ខាសាលាមួយ ឈ្មោះថា «ក្ដីសុបិន្ដនៃអាជីវកម្មទើបបើកថ្មីរបស់កម្ពុជា» ដែលជាប្រធានបទថ្មីមួយបង្ហាញ ពីដំណើរការនៃការបើកអាជីវកម្ម និងកត្តាជំរុញឲ្យអាជីវកម្មឈានទៅរកភាពជោគជ័យ ជូនទៅដល់សាធារណជន។

ក្នុងនោះក៏មានការចែករំលែកបទពិសោធន៍ពី សហគ្រិនជោគជ័យចំនួន៣រូបរួមមាន៖ លោក សុខ សុភមង្គល អគ្គនាយកក្រុមហ៊ុន Codingate, លោកស្រី ឌីផន ភិរម្យ អគ្គនាយិកាក្រុមហ៊ុន Muchs Mobile Health Care និងលោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting Co.,Ltd រួមទាំងមានការចូលរួមពីលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលត្រកម្ពុជា និងអ្នកចូលរួមជាច្រើនរូបផងដែរ។

លោក ហុង សុហួរ ឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ផ្សារភ្ជាប់សហគ្រិនពោរពេញដោយបទពិសោធន៍ និងសហគ្រិនសក្តានុពល ជាមួយអ្នកដែលមានបំណងបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឬអ្នកដែលទើបតែបង្កើតអាជីវកម្មបានថ្មីៗ ដើម្បីអាចឲ្យពួកគេមានឪកាសស្វែងយល់នូវគំនិតអាជីវកម្មថ្មីៗ ទទួលយកនូវបទពិសោធន៍ នៃការបើកគម្រោងអាជីវកម្ម ក៏ដូចជាផលពិបាកនៃការបើកអាជីវកម្មផងដែរ។

លោកបន្ដថា ក្នុងនោះក៏មានការចូលរួមចែករំលែកបទពិសោធន៍ ពីវាគ្មិនសុទ្ធសឹងជាស្ថាបនិក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងអាជីវកម្ម ហើយអ្នកចូលរួមទាំងអស់នឹងទទួលបានឱកាស ដើម្បីអាចសាកសួរសំណួរក៏ដូចជា ដោះស្រាយចម្ងល់ពាក់ព័ន្ធនឹងអាជីវកម្មបង្កើតថ្មីថែមផងដែរ។

ក្នុងនោះវាគ្មិនទាំង៣រូប បានចូលរួមចែករំលែកបទពិសោធន៍យ៉ាងក្បោះក្បាយពី ការបើកអាជីវកម្មថ្មី, ភាពអំណត់តស៊ូរ, ការគ្រប់គ្រងធនធានមនុស្ស, ការលំបាកនៃប្រភេទអាជីវកម្ម ព្រមទាំងបង្ហាញពីគន្លឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ ចែករំលែកទៅដល់សាធារណជនផងដែរ។

សូមបញ្ជាក់ថា ផ្សារមូលបត្រដំណើរការប្រមាណជា៧ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានក្រុមហ៊ុន ចុះបញ្ជីចំនួន៥ដែលបានចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួន នៅលើទីផ្សារគោលរបស់ ផ.ម.ក.។ ចំណែកទីផ្សារមូលបត្របំណុលវិញ មានក្រុមហ៊ុនចុះបញ្ជីចំនួន១ដែលបានចុះបញ្ជី លក់សញ្ញាប័ណ្ណសាជីវកម្ម (ឬហៅម្យ៉ាងទៀតថា បណ្ណបំណុល) ដំបូងគេនៅកម្ពុជា គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ហើយនឹងមានក្រុមហ៊ុនចុះបញ្ជីលក់ សញ្ញាបណ្ណសាជីវកម្មទី២ ពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុ LOLC នាពេលឆាប់ៗខាងមុខនេះ៕