(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ក៍យើងទាំងអស់គ្នាគ្មានសុខសន្តិភាពដូចថ្ងៃនេះដែរ ព្រោះថ្ងៃ៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានកត់សម្គាល់អំពីការបញ្ចប់សង្គ្រាមពីរបបខ្មែរក្រហមមួយ ដែលបានសម្លាប់ជាជនខ្មែរជាច្រើន។

លោកអភិបាលរងខណ្ឌឫស្សីកែវបានគូសបញ្ជាក់ទៀតថា ក្រោយទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៌ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ មិនត្រឹមតែត្រូវបានចាត់ទុកថាជាថ្ងៃរំដោះ ឬទិវាជ័យជំនះប៉ុណ្ណោះទេ គឺថែមទាំងជាថ្ងៃខួបកំណើតទី២ សម្រាប់ប្រជាជនកម្ពុជាផងដែរ។

ការគូសបញ្ជាក់របស់លោក ស៊ូ សោគន្ធ បានធ្វើឡើងក្នុងពេលលោកតំណាងឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន៤១គ្រួសារ មកពីតាមបណ្ដាភូមិចំនួន៤ ស្ថិតក្នុងវត្តឧត្តរាវតី ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ។

លោក ស៊ូ សោគន្ធ ក្នុងនាមជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានថ្លែងថា ចំពោះអំណោយ ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតតែមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក ក៏ដូចជាទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺដើម្បីឲ្យយកចិត្តទុកដាក់ខ្ពស់ លើប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោល មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

សូមជម្រាបថា អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ទាំង៤១គ្រួសារ នាពេលនេះរួមមាន៖ អង្ករ៣០គីឡូក្រាម, ឃីតចំនួន១ (មី ទឹកស៉ីអ៉ីវ ទឹកត្រី ទឹកក្រូច) និងថវិការក្នុង១គ្រួសារ ចំនួន៣ម៉ឺនរៀល៕