(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកសភាកម្ពុជា និងជាកូនប្រុសពៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការប្រតិកម្មជាខ្លាំងជាមួយ នឹងការប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់លោក សោ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងជាសមាជិកជាន់ខ្ពស់មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ។

ការប្រតិកម្មរបស់លោក ហ៊ុន ម៉ានី បានកើតមានឡើង បន្ទាប់ពីលោក សោ ចាន់ដេត ដែលជាមនុស្សស្និទ្ធនឹងទណ្ឌិត សម រង្ស៊ី ហើយកំពុងរស់នៅប្រទេសកាណាដា បានបង្ហោះរូបសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយរូបសម្តេចវិបុលបញ្ញា សុខ អាន អមដោយការសរសេរអក្សរថា «វាសនាត្រូវជួបគ្នា»។ សារនេះត្រូវបានគេមើលឃើញថា លោក សោ ចាន់ដេត កំពុងប្រមាថអាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។

ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខិតជិតមកដល់ជាទម្លាប់របស់ពលរដ្ឋខ្មែរ គ្រួសារខ្មែរ គឺកំពុងត្រៀមខ្លួនដើម្បីជួបជុំសប្បាយរីករាយ និងជូនពរគ្នាទៅវិញ ទៅមក។ ដូច្នេះការសារប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានវាយប្រហារជាខ្លាំងសម្រាប់ក្រុមគ្រួសារ និងកូនៗរបស់សម្តេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់លើ Facebook នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះថា សម្រាប់គ្រួសាររបស់លោក និងសម្រាប់លោកជាកូនប្រុសម្នាក់នៅក្នុងគ្រួសារ លោកពិតជាមានការតក់ស្លុត និងមានការហួសចិត្តជាពន់ពេក ក្រោយពេលបានអានសារសរសេរ ដោយលោក សោ ចាន់ដេត។ លោក ហ៊ុន ម៉ានី បានអះអាងថា លោកមិនអាចបំភ្លេចបាននូវការប្រមាថដែលលោកចាត់ទុកជាទង្វើស្មោគគ្រោកមួយនេះបានឡើយ។

«ខ្ញុំពិតជានឹកស្មានមិនដល់ថា ពាក្យពេចន៍ និងទង្វើបែបអសីលធម៌នេះ អាចសម្តែងចេញបានទៅរួច។ ចំពោះខ្ញុំ ទង្វើនេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ។ បើទោះជាខ្ញុំមិនស្អប់ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និងជាពិសេសដើម្បីលោកឪពុកខ្ញុំ និងសុវត្ថិភាពរបស់គាត់ ខ្ញុំពិតជាមិនអាចបំភ្លេចបាននូវពាក្យពេចន៍ និងទង្វើរដ៏ស្មោគគ្រោកបែបនេះបានឡើយ»។ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែម។

ជាមួយការប្រតិកម្មទៅនឹងការប្រមាថអាយុជីវិតឪពុករបស់លោក ពីសំណាក់លោក សោ ចាន់ដេត, លោក ហ៊ុន ម៉ានី ក៏ឆ្លៀតបង្ហាញជាសារអប់រំដែរថា ប្រជាពលរដ្ឋខ្មែរនឹងមានសេចក្តីថ្លៃថ្នូរមិនធ្វើទង្វើគ្មានសីលធម៌ និងគ្មានការអៀនខ្មាសដូចលោក សោ ចាន់ដេត ហើយតម្កល់ប្រយោជន៍ និងអនាគតជាតិជាធំ ដោយមិនយកទស្សនៈផ្សេងគ្នាទៅបំផ្លាញប្រយោជន៍ជាតិនោះឡើយ។

លោក ហ៊ុន ម៉ានី បានលើកឡើងបន្ថែមយ៉ាងដូច្នេះ «ពិតណាស់ បើទោះជាខ្ញុំដឹងច្បាស់ថា បុគ្គលដែលគ្មានសីលធម៌ មិនមានការអៀនខ្មាស និងគ្មានសេចក្តីថ្លៃថ្នូរបែបនេះនៅមាននៅឡើយ។ ខ្ញុំនៅតែជឿជាក់លើភាពចាស់ទុំរបស់ប្រជាពលរដ្ឋ និងសង្គមយើងថា បើទោះជាយើងមានគំនិតផ្សេងគ្នា សង្គមយើងពិតជាមាននូវសុភនិច្ឆ័យត្រឹមត្រូវ ដោយត្រូវទុកភាពផ្សេងគ្នានៅដោយឡែក នៅពេលដែលយើងនិយាយពីប្រយោជន៍ និងអនាគតរបស់ជាតិ និងប្រជាជនយើង»

សូមបញ្ជាក់ថា លោក សោ ចាន់ដេត តែងតែបានបង្ហោះសារប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោ ហ៊ុន សែន។ មកដល់ពេលបច្ចុប្បន្នលោកកំពុងរង់នូវបណ្តឹងពីមេធាវីរាជរដ្ឋាភិបាលជុំវិញទង្វើគ្មានសីលធម៌របស់លោកផងដែរ៕