(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ រួមជាមួយ លោកស្រី រស់ សុភារ៉ាវី ប្រធានមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯក បានដឹកនាំក្រុមប្រឹក្សាខណ្ឌសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ យុវជនសសយក និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់ បានធ្វើពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក។

លោកអភិបាលខណ្ឌ បានលើកឡើងអំពីគោលបំណង នៃការធ្វើពិធីបង្សុកូលរាប់បាត្រ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអាណោចអាធម នៅក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ដែលខ្លះបាត់បង់ជីវិតទាំងគ្រួសារ ដោយពុំមានបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសកុសលឲ្យ ហើយពិធីសូត្រមន្តរាប់បាត្រនេះ រដ្ឋបាលខណ្ឌ តែងបានរៀបចំឡើងចំនួន ០២លើក គឺនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ។

យោងតាមឯកសារនានា បានបញ្ជាក់ថា មជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯកមានរណ្តៅសព ចំនួន១២៩ និងលលាដ៍ ចំនួន៨៩៨៥ និងដាក់តាំងឯកសារ សាលាក្តីកាត់ទោស មេដឹកនាំខ្មែរក្រហម ដែលការកាត់ក្តីនេះ ធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ ជាក្នុងការរកយុត្តិធម៌ ជូនជនរងគ្រោះទើបធ្វើឲ្យមាន ភ្ញៀវទេសចរបរទេស មកទស្សនានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯកមានការកើនឡើងជាបន្តបន្ទាប់៕