(បាត់ដំបង)៖ មន្រ្តីសាខាកុងត្រូលខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ ដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារថ្មគោល ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងដកហូតបានទំនិញខូចគុណភាព ចំនួន៨០គីឡូក្រាម យកមករក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឱ្យដឹងថា ដើម្បីចូលរួមការពារ រក្សាសុខភាពជូនប្រជាពលរដ្ឋមុនបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ និងដោយមានការណែនាំពីអគ្គនាយកកាំកុងត្រូលជាប្រចាំ សាខាកាំកុងត្រូលខេត្តបាត់ដំបង និងមន្រ្តីជំនាញទាំងអស់ តែងតែបានចុះត្រួតពិនិត្យនៅតាមទីផ្សារនានាក្នុងខេត្ត ដើម្បីទប់ស្កាត់ការតាំងលក់ទំនិញខូចគុណភាព ដែលធ្វើឱ្យប៉ះពាល់សុមាលភាព ប្រជាពលរដ្ឋក្នុងខេត្ត។

ប្រធានសាខាកាំកុងត្រូលបានបន្តថា មន្រ្តីសាខាទាំងអស់តែងតែអប់រំផ្សព្វផ្សាយជាប្រចាំ តាមរយៈការបិទស្ទិកឃ័រ នៅនឹងកន្លែងលក់តាមទីផ្សារ និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងពីផលប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ ព្រមទាំងបានអំពាវនាវ ដល់អាជីវករលក់ដូរ និងអ្នកប្រើប្រាស់នាំគ្នាចូលរួមទប់ស្កាត់ និងឈប់លក់ទំនិញខូចគុណភាពបន្តទៀតផងដែរ៕