(ភ្នំពេញ)៖ ​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និសីទ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ BELTEI International Collaboration Conference 2019 (ប៊ិចស៊ី​២០១៩​៖ BICC 2019) ក្រោមប្រធានបទ «ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់សិស្ស-និស្សិតកម្ពុជា» ​ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញ​ចូលរួមពីសាកលវិទ្យាល័យល្បីៗ ចំនួន​២៤​ មក​ពី​៨ប្រទេសជុំវិញពិភពលោក។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បានលើកឡើងថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ពោល​បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការរៀបចំជាលើកដំបូង ក្នុងឆ្នាំ២០១៨ កន្លងទៅ​។ លោកបន្ថែមថា ប៊ែលធី គ្រុប មានសេវាកម្ម​៣ធំៗ គឺ​ប៊ែលធីសំណង់, ប៊ែលធីទេសចរណ៍ និង​ប៊ែលធីអប់រំ (ក្នុងនោះមាន សាលា​ប៊ែលធី អន្តរជាតិ សាកល​វិទ្យាល័យ ប៊ែលធីអន្តរជាតិ និងប៊ែលធី ទំនាក់ទំនងអន្តរជាតិ)​។​

លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន​របស់ លោកប្រធានគណៈអធិបតី និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង២៤ មកពី​៨ប្រទេសជុំវិញពិភពលោក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ​អញ្ជើញចូលរួមសន្និសីទដ៏មាន​សារៈសំខាន់នេះ។

លោក លី ឆេង ក៏បានជម្រាបផងដែរថា សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩​រៀបចំឡើងក្នុងគោលបំណង៖
ទី១៖បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស
ទី២៖ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗ នៅតាមប្រទេសនានាជូនសិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
ទី៣៖បង្កើតវេទិកាទំនាក់ទំនង សម្រាប់គ្រឹះស្ថានសិក្សាដែលបានចូលរួម
ទី៤៖ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ ជូនដល់សិស្ស-និស្សិតប៊ែលធី ទៅសិក្សានៅបរទេស
ទី៥៖បង្កើនចំនួនសិស្ស-និស្សិតកម្ពុជា ទៅសិក្សានៅក្រៅប្រទេសឲ្យបានកាន់តែច្រើន
ទី៦៖ធ្វើឲ្យមានភាពប្រសើរឡើងនូវកិត្តិនាមរបស់គ្រឹះស្ថានអប់រំ ទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក។

ក្នុងឱកាសនោះដែរ លោក យក់ ង៉ុយ ​ក៏បានថ្លែងកោតសរសើរ លោកបណ្ឌិត លី ឆេង ចំពោះការខិតខំរៀបចំឲ្យមានសន្និសីទ ជាលក្ខណៈអន្តរជាតិនេះឡើង ដែលបានជួយលើកតម្កើងកិត្យានុភាព ប្រទេសជាតិយើងទៅកាន់ពិភពលោក និងបានរួមចំណែកយ៉ាងធំធេង ក្នុងការបង្កើនធនធានមនុស្ស ប្រកបដោយសមត្ថភាពនៅកម្ពុជា។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងទៀតថា គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន២ធំៗ រួមមាន ទី១៖ជំរុញគុណភាពអប់រំ ប្រកបដោយគុណភាពល្អ និងលើកទឹកឲ្យមានការសិក្សាពេញមួយជីវិត និងទី២៖ជំរុញឲ្យការគ្រប់គ្រងល្អ ចំពោះគុណភាពការសិក្សា។ លោកបន្ដថា ​ការរៀនមិនត្រឹមតែរកការងារធ្វើតែប៉ុណ្ណោះទេ គឺរៀនដើម្បីកសាងប្រទេសជាតិ ជាពិសេសការពារទឹកដីផងដែរ ហើយសិស្សានុសិស្សមានវិន័យ នៅសាលារៀនល្អ នៅពេលចេញទៅរកការងារធ្វើកន្លែងណា ក៏គេទទួលយកធ្វើការងារដែរ ខណៈប្រទេសដែលមានភាពជឿនលឿន គឺជាប្រទេសដែលមានការគោរពវិន័យផងដែរ។

លោកបន្ថែមថា វិន័យបានដើរតួយ៉ាងសំខាន់នៅក្នុងជិវិតរបស់ប្រជាពលរដ្ឋ ជីវិតសាលារៀន ដូច្នេះសាលារៀនណាមួយមានវិន័យល្អ សាលារៀននោះ ពិតជាការសិក្សាខ្លាំងហើយ។ ដូច្នេះលោកអំពាវនាវ​ទៅដល់សិស្សានុសិស្សថា «សូមក្មួយៗត្រូវមានការយកចិត្តទុកដាក់ គោរពតាមវិន័យដែលសាលាដាក់ឲ្យ ដើម្បីអភិវឌ្ឍន៍ខ្លួន ដើម្បីអភិវឌ្ឍន៍នៅពេលអនាគតខ្លួនឯង ដូច្នេះក្មួយៗមានវិន័យ និងមានអនាគតហើយ»។

សូមជម្រាបថា បច្ចុប្បន្ន ប៊ែលធីគ្រុប មានបុគ្គលិកបម្រើការជាង​២,៥០០នាក់ និងសិស្ស-និស្សិត៤២,៨១០នាក់។ សាលា ប៊ែលធី អន្តរជាតិ៖ មាន​២២ទីតាំង (២០ទីតាំង កំពុងដំណើរការ និង​២ទីតាំងកំពុងសាងសង់)។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន​២ទីតាំង (​ទីតាំងកំពុងដំណើរការ ស្ថិតនៅអគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងមួយទៀត ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់)​។

សាកលវិទ្យាល័យ មានកម្មវិធីសិក្សាពីរធំៗ កម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា គឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស​១០០%។ ថ្មីៗនេះ សាកលវិទ្យាល័យក៏បានបើកថ្នាក់ បំប៉នភាសាចិន និងភាសាជប៉ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។

ប៊ែលធី ទំនាក់ទំនង អន្តរជាតិ៖ មានបម្រើសេវាកម្ម​៥សំខាន់ៗ៖ ១៖បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធី ទៅសិក្សានៅក្រៅ​ប្រទេស តាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង, ២៖បញ្ជូនសិស្ស-និស្សិតកម្ពុជា ដែលមានលទ្ធភាពបង់ថ្លៃសិក្សានៅក្រៅប្រទេស, ៣៖បញ្ជូនសិស្ស-និស្សិតទូទៅ ធ្វើ​ទស្សនកិច្ចសិក្សានៅក្រៅប្រទេស, ៤៖កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិត និងចុះកម្មសិក្សានៅក្រៅប្រទេស និង​៥៖ប្រឹក្សាយោបល់ និងរៀបចំទិដ្ឋាការទៅក្រៅប្រទេស៕