(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមអំពាវនាវឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសមត្ថកិច្ច នៅតាមក្រសួងមន្ទីរ អង្គភាព ពាណិជ្ជករ និងអ្នករកស៊ីមួយចំនួន សូមកុំចាញ់បោកជនខិលខូចមួយចំនួនដែលយកឈ្មោះអង្គភាព Fresh News ទៅប្រើដើម្បីសុំប្រាក់ឧបត្ថម្ភ ស្រា ឬទឹកក្រូច ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ។

ការអំពាវនាវនេះ បន្ទាប់ពីប៉ុន្មានថ្ងៃនេះនៅតែមានជនខិលខូចមួយចំនួន បានតាំងខ្លួនជាភ្នាក់ងាររបស់អង្គភាពព័ត៌មាន Fresh News ទូរស័ព្ទទៅកាន់មន្ត្រីជាថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ច នៅតាមក្រសួងមន្ទីរ អង្គភាព និងពាណិជ្ជករ អ្នករកស៊ីមួយចំនួន ដើម្បីសុំការឧបត្ថម្ភផ្សេងៗដោយអះអាងថា អង្គភាពត្រូវការថវិកា ស្រា ឬទឹកក្រូច ជប់លៀងចូលឆ្នាំជាដើម។

សកម្មភាពរបស់ជនខិលខូចខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពព័ត៌មាន Fresh News យ៉ាងខ្លាំង ហើយក៏មានមន្ត្រី កងកម្លាំងប្រដាប់អាវុធ និងពាណិជ្ជករ អ្នករកស៊ីមួយចំនួនបានចាញ់បោកជនខិលខូចទាំងអស់នោះ ខាតបង់នូវប្រាក់កាស និងសម្ភារផ្ទាល់ខ្លួននិងរបស់អង្គភាពផងដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយរូបបានទៅបន្លំធ្វើជាបុគ្គលិកអង្គភាពព័ត៌មាន Fresh News ទៅទារលុយថ្លៃផ្សាយ ពាណិជ្ជកម្ម ពីក្រុមហ៊ុនមួយដោយរូបគេបានប្រើល្បិចកល គ្រប់រូបភាពធ្វើឲ្យបុគ្គលិកក្រុមហ៊ុន មានការជឿជាក់ជាដើម។

អង្គភាព Fresh News សូមធ្វើការប្រកាសជាសាធារណៈថា «អង្គភាពយើងខ្ញុំ មិនទម្លាប់ចាត់តាំងថ្នាក់ដឹកនាំ ឬបុគ្គលិកណាម្នាក់ ឲ្យដើរសុំការឧបត្ថម្ភជាថវិកា ភេសជ្ជៈ ដើម្បីយកមកជប់លៀងនោះឡើយ ជាពិសេសនៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ»។

សូមមេត្តាទាក់ទងមកកាន់ អង្គភាពព័ត៌មាន Fresh News តាមរយៈទូរស័ព្ទ៖ 097 500 0001, 012 904444, 088 8003 803។ សេចក្តីប្រកាសនេះ សូមមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច និងសាធារណជន មេត្តាសហការ និងជ្រាបជាព័ត៌មាន៕