(ព្រះវិហារ)៖ លោកបណ្ឌិត ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការចងសម្ពន្ធ័មេត្រីភាពរវាងក្រសួងស្ថាបន័រដ្ឋ ជាមួយកម្លាំងការពារជាតិ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ជាការចូលរួមចែករំលែក និងបង្កើនស្មារតីសាមគ្គីភាពរវាងអ្នករស់នៅសមូរភូមិមុខ និងសមូរភូមិក្រោយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកតំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពេលដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងផ្តល់អំណោយសម្ព័ន្ធមេត្រីភាព ដល់វរសេនាតូចគរបាលការពារព្រំដែនគោកលេខ១០៥ ប្រចាំទិសមុំបី និងវរសេនាតូចលេខ៣៩៥ ចំណុះយោធភូមិភាគទី៤ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

លោកបណ្ឌិត ឈន សុភាព បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់។

លោកថា ជាប្រចាំក្នុងនាមសម្ព័ន្ធមេត្រីភាព ជាមួយកងកម្លាំងការពារតាមបន្ទាត់ព្រំដែន អ្នករស់នៅសមរភូមិក្រោយ តែងតែបានគិតគូរនឹងយកចិត្តទុកដាក់ចំពោះការរស់នៅ ប្រចាំការ ចំពោះការលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ដូច្នេះហើយជារៀងរាល់ឆ្នាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែបានចុះមកសួរសុខទុក្ខ និងផ្តល់ជូនសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់កងកម្លាំងទាំងអស់ យកទៅដោះស្រាយក្នុងជីវភាពប្រចាំ ថ្ងៃបានមួយផ្នែកដែរ។

លោក ឈន សុភាព បានបន្ថែមថា ការធ្វើបែបនេះ គឺជាស្មារតីសាមគ្គីភាពមួយសម្រាប់ស្ថាប័នរដ្ឋ ជាមួយកងកម្លាំងការពារតាមបន្ទាត់ព្រំដែន នឹងបានប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេស ដែលមានសុខសន្តិភាព សុវត្ថិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់។

សូមបញ្ជាក់ថា អំណោយដែលនាំយកទៅចែកជូនកងកម្លាំងការពារព្រំដែននាថ្ងៃនោះ ចែកជូនដល់វរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ១០៥ ប្រចាំទិសមុំបី និងវរសេនាតូចលេខ៣៩៥ រួមមាន ថ្នាំពេទ្យ ទឹកក្រូច មីយើង ត្រីខកំប៉ុង នំអន្សម បារី និងថវិកា ក្នុង១អង្គភាព ៤លានរៀល ដោយឡែកកងកម្លាំងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល ដែលសរុបថវិកាចំណាយទាំងអស់ចំនួន ៨៥លានរៀល៕