(បន្ទាយមានជ័យ)៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ប្រធាន អនុប្រធាន គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនកម្ពុជា ដែលទទួលបានដីលំនៅដ្ឋាន ផ្ទះ និងដីសម្រាប់បង្ក បង្កើនផល ដែលជាដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជន និងគ្រួសារដែលក្រីក្រ នៅលើទីតាំងភូមិ កូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអតីតយុទ្ធជន និងគ្រួសារ ដែលបានចាប់ឆ្នោតហើយទទួលបានផ្ទះ និងដីចំនួន៣០៩គ្រួសារ មកពី៧ស្រុក ២ក្រុង នៃខេត្តបន្ទាយមានជ័យ និងណែនាំឲ្យអ្នកដែលទទួលបានផ្ទះ ដី សូមចូលមករស់នៅថែទាំផ្ទះសម្បែង ដីធ្លីរបស់ខ្លួន ខិតខំដាំដំណាំបង្ក បង្កើនផលបន្ថែមទៀត ដើម្បីបន្ថែមលើថវិកា ដែលរដ្ឋាភិបាលបានផ្តល់ជូន។

លើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកឲ្យប្រធាន អនុប្រធាន សមាគមខេត្តទាំងអស់ ជួយចលនាគ្នាតាមបណ្តាមន្ទីរជុំវិញខេត្ត រកកូនឈើហូបផ្លែ ដើម្បីផ្តល់ជូនបងប្អូនសម្រាប់ធ្វើការដាំដុះនៅជុំវិញបរិវេនផ្ទះរបស់ពួកគាត់ ព្រមទាំងជំរុញឲ្យក្រុមជាងពន្លឿនការងារសាងសង់ ឲ្យបានឆាប់រួចរាល់នៅផ្ទះ ដែលមិនទាន់បានសាងសង់ ហើយឲ្យយកចិត្តទុកដាក់ទៅលើគុណភាព។

សូមជម្រាបថា គិតមកដល់ពេលនេះ ការសាងសង់ផ្ទះជូនសមាជិកអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចំនួនសរុប៨០ខ្នងផ្ទះ ហើយលើគំរោងសរុប២៤០ខ្នង។

ឆ្លៀតក្នុងឱកាសនោះ លោក សៅ សឹង ជាជនពិការជើងដោយសារសង្គ្រាម ក្នុងនាមអតីតយុទ្ធជន ដែលទទួលបានការគិតគូរយកចិត្តទុក្ខដាក់ ពីសំណាក់សម្តេចទាំងទ្វេរ បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និង សម្តេច កិត្តិបណ្ឌិត ដែលបានផ្តល់ដីលំនៅដ្ឋាន និងដីបង្ក បង្កើនផលជូន គាត់ តាមរយៈទេសរដ្ឋមន្ដ្រី គន់ គីម និងសូមប្តេជ្ញាគាំទ្រ សម្តេច ក៏ដូចជារដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច ព្រមទាំងប្តេជ្ញាកៀងគរបងប្អូនសាច់ញាតិ បោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត៕