(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះជំងឺខ្សោយតំរងនោម គឺជាបញ្ហាប្រឈមនាំមុខគេ ក្នុងចំណោមជំងឺមិនឆ្លង នៅលើពិភពលោក ក៏ដូចជានៅប្រទសក្នុងតំបន់ដែលមានកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបើក អង្គសន្និសីទ «ដំណើរការឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ» នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០១៩។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា អង្គសន្និសីទ «ដំណើរការឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលនេះជាជំហានថ្មី មួយបន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត និងសហភាតរៈមកពីទីក្រុង លីយ៉ុង ប្រទេសបារាំង ដែលបានចាប់ដំណើរការ ប្រព្រឹត្តទៅមានរយៈពេល ០២ថ្ងៃ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះនាពេលបច្ចុប្បន្ននេះ ជំងឺខ្សោយតំរងនោម គឺជាបញ្ហាប្រឈមនាំមុខគេ ក្នុងចំណោមជំងឺមិនឆ្លង នៅលើពិភពលោក ក៏ដូចជានៅប្រទសក្នុងតំបន់ដែលមានកម្ពុជា ផងដែរ។

លោក ម៉ម ប៊ុនហេង បន្ថែមថា ថ្វីបើការជួយសង្គ្រោះអ្នកជំងឺខ្សោយតំរងនោម កាន់តែមានប្រសិទ្ធភាពតាមរយៈជំនាញផ្សេងៗ និងវិធីសាស្រ្តចុងក្រោយ គឺការលាងឈាម ដែលភាគច្រើន នៅមន្ទីរពេទ្យជាតិ-ខេត្ត ទាំងរដ្ឋ និងឯកជនមាននៅក្នុងប្រទេសកម្ពុជា ក៏ដោយ វិធីសាស្រ្តបន្ថែមដែលកំពុងធ្វើនៅ ប្រទេសជឿនលឿន ដូចជា ប្រទេសបារាំង គឺការផ្សាំសរីរាង្គតំរងនោម ជាជម្រើសថ្មីមួយទៀតសម្រាប់អ្នកជំងឺ ក្នុងលទ្ធភាពដែលអាចធ្វើទៅបាន។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ការផ្សាំសរីរាង្គតំរងនោមនេះ តម្រូវឲ្យមានការបណ្តុះបណ្តាលបច្ចេកទេសវេជ្ជសាស្រ្តជាក់លាក់ តាមជំនាញផ្សេងៗ ដូចជា ជំនាញ វះកាត់តំរងនោម ជំនាញតំរងនោម ជំនាញមន្ទីរពិសោធន៍ និងសង្រ្គោះបន្ទាន់ជាដើម។ល។ តាមរយៈអង្គសន្និសីទ នេះ លោកសង្ឃឹមយ៉ាងមុតមាំថា មិត្តបារាំងមកពីលីយ៉ុង (Lyon) នឹងខិតខំ ពង្រឹងសមត្ថភាព នៃការបណ្តុះបណ្តាល ការរៀបចំរចនាសម្ព័ន្ធផ្សាំសរីរាង្គ និងពិនិត្យលើច្បាប់ផ្សេងៗ ដែលកម្ពុជាមាន ដើម្បីឈានទៅដល់ការសម្រេចបានគម្រោង នៃការផ្សាំសរីរាង្គនេះក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា សន្និសីទដ៏មានអត្ថប្រយោជន៍នេះ មានការសហការរួមគ្នារៀបចំ ដោយមន្ទីរពេទ្យ កាល់ម៉ែត ជាមួយ ក្រុមជំនាញការបារាំង ដែលមានការគាំទ្រពីក្រសួងសុខាភិបាល របស់កម្ពុជា។ ប្រធានបទសំខាន់ៗជាច្រើន នឹងត្រូវចូលរួមបង្ហាញ និងពិភាក្សា ដើម្បីស្វែងបង្កើត ឲ្យចេញនូវគោលដៅរួមមួយ ដោយសាស្រ្តាចារ្យជំនាញបារាំង និងក្រុមគ្រូពេទ្យពាក់ព័ន្ធ របស់ប្រទេសកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យសម្រេចបាននូវការផ្សាំសរីរាង្គ ដែលអាចជួយ ដល់អ្នកជំងឺដែលមានបញ្ហានេះ មានសង្ឃឹមទៅអនាគត។

លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្ថែមថា ការប្រយុទ្ធប្រឆាំង នឹងជំងឺខ្សោយតម្រងនោម បានក្លាយទៅជា បញ្ហាប្រឈមដ៏ធំមួយ សម្រាប់រដ្ឋាភិបាល របស់យើងការខិតខំប្រឹងប្រែងរួមសហការ គ្នាឲ្យមានភាពសន្និសីទនេះឡើង គឺជាតម្រូវការចាំបាច់ដើម្បីជួយដោះស្រាយបញ្ហា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់។

លោកសាស្ត្រាចារ្យបញ្ជាក់ថាប្រធានបទ «ដំណើរការឆ្ពោះទៅកាន់ការផ្សាំសរីរាង្គ» ដែលបានជ្រើសរើសយកមកដាក់ក្នុងសន្និសីទនេះ ស្របគ្នាទៅនឹង ការយកចិត្តទុកដាក់ នៃការថែទាំសុខភាពនាពេលបច្ចុប្បន្នដែល ប្រទេសក្នុងតំបន់ កំពុងប្រឈមមុខនឹងការ ការពារការត្រួតពិនិត្យ និងព្យាបាលដោយផ្តោតលើ បច្ចេកទេសកាន់តែជឿនលឿ ឈានមុខក្នុងការព្យាបាលទាំងគ្រូពេទ្យទាំងអ្នកជំងឺ សុទ្ធតែទទួលបាននូវគុណតម្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាពកម្រិតខ្ពស់៕