(កំពង់ចាម)៖ ប្រាសាទនគរបាជ័យ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចម្ងាយពីរាជធានីភ្នំពេញប្រមាណ១២២គីឡូម៉ែត្រ និងពីទីរួមខេត្តកំពង់ចាមប្រមាណ២គីឡូម៉ែត្រ។

ប្រាសាទនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ក្នុងព្រះរាជបំណងឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។ ប៉ុន្តែនៅក្នុងរាជសម័យក្រោយមក ប្រាសាទនេះបានរងនូវការដាប់បំផ្លាញព្រះពុទ្ធបដិមា និងផ្នែកមួយចំនួននៃប្រាសាទ ដើម្បីកែប្រែប្រាសាទនេះ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនាវិញ។

រហូតដល់ចន្លោះសតវត្សរ៍ទី ១៦-១៧ ពោលគឺនៅអំឡុងចុងសម័យចតុមុខ ក្នុងរាជព្រះបាទស្រីសុគន្ធបទ និងដើមសម័យលង្វែកក្នុងរាជព្រះបាទច័ន្ទរាជា បុរាណស្ថានមួយនេះ ត្រូវបានរៀបចំទៅជាវត្តអារាមព្រះពុទ្ធសាសនាហិនយានវិញ ដោយបានរុះរើជួសជុល
ប្រាង្គកណ្ដាលទៅជាទម្រង់ថ្មីមានកំពូលស្រួចរាងដូច «ចេតិយ»។

ទោះបីឆ្លងកាត់សង្គ្រាមញាំញីយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពមកវិញ ប្រាសាទមួយនេះនៅតែជាកន្លែងគោរពបូជាពីសំណាក់ពុទ្ធបរិស័ទយ៉ាងសុខសាន្ត និងត្រូវបានប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ
ដ៏ពេញនិយមមួយនៅខេត្តកំពង់ចាម។ រហូតដល់ពេលបច្ចុប្បន្ន ប្រាសាទ និងវត្តនគរបាជ័យនេះ ក៏បានក្លាយទៅជាទីរំលេចនូវទស្សនីយភាពនាបុរាណសម័យដ៏ផ្អែមល្ហែម សម្រាប់ស្វាមីភរិយាថ្មីដែលចង់ទៅថត Pre-wedding មុនថ្ងៃរៀបអាពាណ៍ពិពាណ៍ផងដែរ។

វាស័ក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងមកពីបណ្ដាខេត្តដទៃ ក្នុងការទៅថតរូបមុនថ្ងៃរៀបអាពាណ៍ពិពាណ៍ លក្ខណៈឈុតសម្លៀកបំពាក់បែបបុរាណ ដូចជាសម័យចតុមុខ សម័យលង្វែក ឬសម័យឧដុង្គជាដើម ពីព្រោះអ្នកខេត្តកំពង់ចាមបានចាត់ទុកប្រាសាទនគរបាជ័យនេះ ប្រៀបដូចជាប្រាសាទអង្គរវត្តនៅខេត្តកំពង់ចាមដូច្នោះដែរ។

លោកអនុសេនីយ៍ឯក មូល ដាណែត នគរបាលទេសចរណ៍ប្រចាំការនៅប្រាសាទនគរបាជ័យ កំណើនភ្ញៀវទេសចរដែលមកទស្សនារមណីយដ្ឋានប្រាសាទនគរបាជ័យ នៅតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំង។

ដោយសារលោកប្រចាំការនៅទីនោះផ្ទាល់ លោកក៏បានសង្កេតឃើញថា ក្រៅពីវត្តមានភ្ញៀវទេសចរ ប្រាសាទនគរបាជ័យ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋជិតឆ្ងាយ ក្នុងការមកថត Pre-wedding ច្រើនគួរសមផងដែរ។

គូស្នេហ៍ដ៏ស្រស់សោភាដែលជិតនឹងរៀបអាពាណ៍ពិពាណ៍មួយគូ គឺលោក ជិន ឆាយ និងកញ្ញា វណ្ណ វួចនី បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងការជ្រើសរើសរមណីយដ្ឋានប្រាសាទនគរបាជ័យ ជាទីតាំងដ៏ស័ក្តិសមបំផុតក្នុងការថត Pre-wedding។

លោក សុខ សុផានិត្យ មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឱ្យដឹងថា ជាមួយនឹងការរីកចម្រើនលើវិស័យទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម តែងតែយកចិត្តទុកដាក់ចំពោះតម្លៃលក់ដូររបស់អាជីវករជារឿយៗ ពិសេសនៅពេលពិធីបុណ្យធំៗ ព្រមទាំងបានចុះអប់រំណែនាំអំពីបញ្ហាអនាម័យទៅសល់អាជីវករ ក៏ដូចជាភ្ញៀវទេសចរផងដែរ។

ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ ប្រាសាទនគរបាជ័យ មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍មួយប៉ុណ្ណោះទេ តែក៏បានប្រែក្លាយពីទីបុរាណដ្ឋានមួយមកជាទីរំលេចនូវទស្សនីយភាពដ៏ផ្អែមល្ហែម សម្រាប់ប្រជាពលរដ្ឋដែលមកថតរូប Pre-wedding បែបបុរាណសម័យផងដែរ៕