(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃដឹកជញ្ជូនរបស់ខ្លួននៅក្នុងកំលុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់ខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំយ៉ាងដូច្នេះ «ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់សមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងអាជីវករដឹកជញ្ជូនអ្នកដំណើរទាំង រក្សាតម្លៃសេវាដឹកជញ្ជូនអ្នកដំណើរឱ្យនៅដដែលដូចតម្លៃធម្មតា ដែលសមាគមដឹកជញ្ជូនអ្នកដំណើរ ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនធ្លាប់យកក្នុងថ្ងៃធម្មតា»។

ក្រសួងបានគូសបញ្ជាក់ថា ការណែនាំនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្រៅពីការណែនាំមិនឱ្យដំឡើងថ្លៃហើយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានណែនាំដល់អ្នកប្រកបរបររកស៊ីដឹកជញ្ជូនទាំងអស់មិនឱ្យផ្ទុកអ្នកដំណើរលើសចំណុះ និងផ្ទុកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេស គ្មានផាសុខភាព ដែលងាយបង្កឱ្យមានគ្រោះថ្នាក់។

ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុក្នុងពេលធ្វើដំណើរ ក្រសួងបានណែនាំដល់អ្នកបើករថយន្តដឹកជញ្ជូនទាំង ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩កន្លងទៅតាមរយៈ Facebook ក៏បានអំពាវនាវដល់អ្នករកស៊ីទាំងអស់កុំឆ្លៀតដំឡើងថ្លៃរថយន្តក្នុងកំលុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។

នៅក្នុងកំលុងបុណ្យចូលឆ្នាំនេះបន្ថែមពីលើការអំពាវនាវសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយមិនគិតប្រាក់ផងដែរ៕