(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកវិនិយោគចិន និងខ្មែរជាប់សែស្រឡាយចិននៅកម្ពុជា សូមបន្តចូលរួមមួយរាជរដ្ឋាភិបាល ថែរក្សាឱ្យបាននូវសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើកម្ពុជាមានសង្គ្រាមកុំថាឡើយដល់ការអភិវឌ្ឍ ផ្ទុយទៅវិញមានតែការរត់ចោលតំបន់អភិវឌ្ឍ។ សម្តេចបានស្នើឱ្យក្រឡេក ទៅបណ្តាប្រទេសមជ្ឈឹមបូព៌ា កំពុងមានសង្គ្រាម តើស្ថានភាពប្រទេសទាំងនោះបែបណាទៅហើយ ដែលមិនខុសពីអតីតកាលរបស់ខ្មែរនោះឡើយ។

ការថ្លែងបែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងនៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចអញ្ជើញពិសារភោជនាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនៅតែបន្តអំពាវនាវដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលចូលរួមក្នុងពិធីនេះ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សានូវសន្តិភាព ដែលជាមូលដ្ឋាន ដើម្បីធានាដល់ការអភិវឌ្ឍន៍ ។ ត្រូវចងចាំថា បើគ្មានសន្តិភាព វាពិតជាគ្មានការអភិវឌ្ឍន៍កើតឡើងទេ ត្រូវយល់រឿងនេះឲ្យបានច្បាស់។ ប្រសិនបើមានចលាចលណាមួយកើតឡើង ប្រទេសនេះមិនអាចទទួលបាននូវសេចក្តីសុខ ដែលការរីកលូតលាស់នៃសេដ្ឋកិច្ច ក៏នឹងត្រូវបាត់បង់ផងដែរ»

សម្តេចតេជោបានថ្លែងបង្ហាញក្តីរំពឹងនៅចំពោះមុខជនជាតិចិន និងខ្មែរជាប់សែស្រឡាយចិនថា នៅឆ្នាំ២០២៣ គណបក្សប្រជាជននៅតែបន្តឈ្នះឆ្នោត ហើយសម្តេចនឹងបន្តដឹកនាំរាជរដ្ឋាភិបាលនេះបន្តទៅទៀត។ សម្តេចមានពេលជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនយ៉ាងតិច៩ឆ្នាំទៅមុខទៀត។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានអំពាវនាវដល់អ្នករកស៊ីចិន បន្តពង្រឹងស្មារតីនៃវប្បធម៌បង់ពន្ធ ដើម្បីឲ្យរដ្ឋាភិបាលមានលទ្ធភាពកាន់តែច្រើន បម្រើដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងពង្រឹងឃឿនការពារជាតិកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលការណ៍ដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះទេ តែអ្វីដែលរាជរដ្ឋាភិបាលចង់បាននោះ គឺចង់ការបង់ឲ្យគ្រប់ ទាន់ពេលវេលាតាមច្បាប់ដែលបានកំណត់៕