(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឲ្យបញ្ចេញកម្លាំងនគរបាលចរាចរណ៍ ដើម្បីដាក់ត្រួតពិនិត្យឲ្យបានម៉ត់ចត់ ចំពោះអ្នកបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។

ទន្ទឹមនឹងការដាក់កម្លាំងត្រួតពិនិត្យ សម្ដៅកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើនឡើង នៅពេលមានបុណ្យទានម្ដងៗនោះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ដោយហាមដាច់ខាត មិនឲ្យជំរិតទារលុយពីប្រជាពលរដ្ឋ តាមគ្រប់រូបភាពទាំងអស់ នៅពេលអនុវត្តច្បាប់ចរាចរណ៍នោះឡើយ និងបញ្ជាឲ្យមេនគរបាលត្រូវត្រួតពិនិត្យករណីនេះដូចគ្នា។

ការដាក់បទជាថ្មី របស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងពេលមុខចូលឆ្នាំនេះ ខ្ញុំសូមស្នើថាពិសេសគឺអនុគណៈកម្មការទី២ រៀបចំផែនការឲ្យបានជាក់លាក់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយសហការជាមួយនឹងគ្រប់ខេត្ត និងរាជធានីរៀបចំ កម្លាំងដាក់ដើម្បីត្រួតពិនិត្យប៉ុន្មានថ្ងៃនេះ តែពេលដាក់ទៅកុំឲ្យទៅជាកុងត្រូលជជុះឲ្យសោះ»

សម្រាប់អនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឲ្យនគរបាលចរាចរណ៍ ត្រូវតែបំពាក់ឧបករណ៍ត្រួតពិនិត្យគ្រប់ទាំងអស់ មានទាំងការត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យគ្រឿងស្រវឹងជាដើម ហើយបើឃើញអ្នកបើកបរណាល្មើសច្បាប់ ត្រូវតែត្រួតពិនិត្យ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក្រឡាហោម ស ខេង បានចាត់ឲ្យនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ត្រូវដឹកនាំអនុវត្តការងារនេះ ដោយការទទួលខុសត្រូវ គោរពទៅតាមវិជ្ជាជីវៈ និងបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ នៅគ្រប់គោលដៅទាំងអស់ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត។

ព្រមពេលជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវសាធារណៈ ចូលរួមសហការជាមួយសមត្ថកិច្ច ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពសង្គម និងការពារអាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិគ្រប់ក្រុមគ្រួសារ។

សម្ដេច ស ខេង បានគូសបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍ បើពឹងតែទៅលើសមត្ថកិច្ចតែមួយផ្នែក មិនគ្រប់គ្រាន់នោះទេ ពោលត្រូវតែមានការគាំទ្រ និងការចូលរួមពីអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា៕